ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ខួប ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ខួប ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ។
នាឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយទឹកចិត្តសោមនស្សរីករាយ ប្រសើរថ្លៃថ្លា នៃពិធីចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាងនាមថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងនាមខ្ញុំបាទ និងភរិយា សូមប្រសិទ្ធពរបវរមហាប្រសើរជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុង គ្រប់បេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសសើរដ៏ស្មោះចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលធីតា ខ្មែរដ៏ឆ្នើមមួយរូប ជាឧត្ដមភរិយាដ៏ប្រពៃ ជាមាតាដ៏ល្អ ជាជីដូនដ៏មានព្រហ្មវិហារធម៌ មានស្នាដៃប៉ិនប្រសព្វ និងគំនិត ប្រាជ្ញាដ៏ឧតុង្គឧត្ដម ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាប្រកបដោយ គុណធម៌ សប្បុរសធម៌ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាក ជូនប្រជាពលរដ្ឋរងគ្រោះគ្រប់រូប គ្រប់ទីកន្លែងនៅទូទាំងប្រទេស និងបានខិតខំលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងតម្លៃគ្រួសារខ្មែរឱ្យបានខ្ពង់ខ្ពស់រុងរឿង។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយអភិបាល ប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សមប្រកបតែសុខភាពល្អបរិបូរណ៍ សេចក្តីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរជ័យបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕