ជូនដំណឹង! ជនអនាមិកក្លែងបន្លំតេឡេក្រាម Profile ជាអភិបាលរាជធានីភ្នំពេញ ដើម្បីឆបោក
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបាន ប្រើប្រាស់ Profile ក្លែងបន្លំជាអភិបាលរាជធានីភ្នំពេញ ក្នុងបណ្តាញតេឡេក្រាម (Telegram) ក្នុងរូបភាពឆបោក ដោយក្លែងបន្លំឈ្មោះ និងរូបភាពរបស់អភិបាលរាជធានីភ្នំពេញ ដើម្បីឆបោក។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បណ្តាញតេឡេក្រាម (Telegram) ពិតរបស់អភិបាលរាជធានីភ្នំពេញមានបង្ហាញលេខទូរស័ព្ទ 012 849 666។ រដ្ឋបាលរាជធានីភ្នំពេញ សូមទទូចឲ្យសាធារណជនឈប់ចាញ់បោក និងឈប់ទាក់ទងជាមួយតេឡេក្រាម (Telegram) ក្លែងក្លាយដូចមានក្នុងសេចក្តីជូនដំណឹងនេះដោយឈប់ផ្ញើ ឬវេរប្រាក់ទៅជនអនាមិកនេះ។ រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងសាធារណជនដែលបានចាញ់បោកជនអនាមិកនេះ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមានលើជនអនាមិកនេះជាបន្ទាន់៕