ចៅប្រុសសម្តេចតេជោ នាំយកមេដាយមាស ដែលបានមកពីការប្រឡងគណិតសាស្ត្រ បង្ហាញលោកតា ពេលកំពុងហាត់ប្រាណ
ភ្នំពេញ៖ កុមារ ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកមេដាយមាស ដែលបានមកពីការប្រឡងគណិតសាស្ត្រ ទៅបង្ហាញសម្តេចតេជោ ហ៊ុន សែន ពេលសម្តេចកំពុងហាត់ប្រាណ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមថា «កំពុងអង្គុយដោយបែកញើសក្រោយធាក់កង់ ចៅសិដ្ឋនាំយកមេដាយមាស់ដែលបានមកពីការប្រឡងគណិតសាស្ត្រមកបង្ហាញ។ ប៉ុន្មានឆ្នាំមុនស្រីមាស់ដែលជាបងចៅសិដ្ឋក៍ បាននាំយកបង្ហាញជីដូនជីតាដូចគ្នាដែរ។ ក្នុងឋានះជាជីតាច្បាស់ជាសប្បាយចិត្តហើយចាត់ទុកថានេះជាទ្រព្យសម្បត្តិពិតប្រាកដដែលតាចែកឲ្យចៅដែលចាយមិនចេះអស់និងមិនរីងស្ងួត»។
សូមជម្រាបថា នារសៀលថ្ងៃទី១៦ ខែធ្នូនេះ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យាចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួមប្រឡង ២,៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក។
កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ បានចាប់កំណើតពីផ្ទៃម្តាយ នាពេលព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ និងបានក្លាយជាចៅប្រុសទី២០ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕