ទីក្រុងមូស្គូគូសបញ្ជាក់លក្ខខណ្ឌសម្រាប់សន្តិភាពមជ្ឈិមបូព៌ា
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានឲ្យដឹងថា សន្តិភាពនៅមជ្ឈិមបូព៌ាអាចសម្រេចបាន លុះត្រាតែមានការបង្កើតរដ្ឋប៉ាឡេស្ទីនទាំងស្រុង ដោយបន្ថែមថា ទីក្រុងមូស្គូក៏គាំទ្រសិទ្ធិសន្តិសុខរបស់អ៊ីស្រាអែលផងដែរ។
ថ្លែងកាលពីថ្ងៃពុធនៅឯក្រុមប្រឹក្សាសហព័ន្ធ សភាជាន់ខ្ពស់នៃសភារុស្ស៊ី លោក Lavrov បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ឈប់អរិភាពដែលកំពុងតែផ្ទុះឡើងរវាងអ៊ីស្រាអែល និងចលនាប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស តាំងពីដើមខែតុលា។
ទោះជាយ៉ាងណាក៏ដោយ លោក Lavrov បានកត់សម្គាល់ថា រុស្ស៊ី នឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងដោះស្រាយមជ្ឈិមបូព៌ា ដែលបំពានលើសន្តិសុខរបស់អ៊ីស្រាអែល និងមិនពាក់ព័ន្ធនឹងការបង្កើតប៉ាឡេស្ទីន។
លោកបានបន្ថែមថា វិបត្តិនៅក្នុងតំបន់អាចដោះស្រាយបាន លុះត្រាតែប៉ាឡេស្ទីន រួបរួម និងឯករាជ្យ ត្រូវបានបង្កើតឡើងស្របតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នេះមានន័យថា ប៉ាឡេស្ទីនត្រូវតែមានព្រំដែនស្រដៀងនឹងឆ្នាំ ១៩៦៧ ហើយរួមរស់ជាមួយអ៊ីស្រាអែល នៅក្នុងសន្តិភាព សន្តិសុខ និងអ្នកជិតខាងដ៏ល្អ លោក Lavrov បានបញ្ជាក់។