មន្ត្រីបក្សភ្លើងទៀនជាង ៤០០នាក់ នាំគ្នាតវ៉ាទាមទារឲ្យទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រមាណជាង៤០០នាំគ្នាតវ៉ានៅស្នាក់ការកណ្តាលគណបក្ស ដើម្បីទាមទារទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន រួមទាំងថ្នាក់ដឹកនាំគណបក្សមួយចំនួនទៀត ដែលបានឃុបឃិតគ្នាប្រើអំណាចគណបក្ស ទៅគំរាមកំហែង និងដកហូតតួនាទី សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្ស នៅថ្នាក់ក្រោមជាតិ តាមទំនើងចិត្តយ៉ាងអយុត្តិធម៌។
ញត្តិថ្កោលទោសរបស់ពួកគាត់ បានរៀបរាប់ថា យើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ព្រមទាំង ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅថ្នាក់មូលដ្ឋានសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និង លោក លី សុធារ៉ាយុត្តិ មន្ត្រីគណបក្សភ្លើងទៀន រួមទាំងថ្នាក់ដឹកនាំគណបក្សនៅខាងលើមួយចំនួនទៀត ដែលបានឃុបឃិតគ្នាប្រើអំណាចគណបក្ស ទៅគំរាមកំហែង និងដកហូតតួនាទីសមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្សនៅថ្នាក់ក្រោមជាតិ តាមទំនើងចិត្ត យ៉ាងអយុត្តិធម៌។
យើងខ្ញុំទាំងអស់គ្នា ស្នើឲ្យ លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ បញ្ឈប់ជា បន្ទាន់នូវការគំរាមកំហែង និងការប៉ុនប៉ងដកហូតតួនាទីសមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតគណបក្សភ្លើងទៀននៅថ្នាក់មូលដ្ឋាន និងស្នើឲ្យគោរពសិទ្ធិសមាជិក សមាជិកា គណបក្ស ក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយផ្ទាល់ខ្លួន ដោយសេរី គ្មានការរើសអើង គ្មានការ បង្ខិតបង្ខំ គ្មានការបង្ខាំង និងគ្មានការដកតួនាទីតាមទំនើងចិត្តជាដាច់ខាត។
ដើម្បីរក្សានូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ព្រមទាំងរក្សានូវស្មាតីដើមរបស់គណបក្ស ភ្លើងទៀន យើងខ្ញុំទាំងអស់គ្នា ដែលជាសមាជិក និងថ្នាក់ដឹកនាំនៅមូលដ្ឋាន ស្នើឲ្យថ្នាក់ដឹកនាំ គណបក្សដែលទន់ជ្រាយទាំងពីរគឺ លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ចុះចេញ ពីតំណែងក្នុងគណបក្ស ដោយឥតលក្ខខណ្ឌ ចាប់ពីថ្ងៃនេះតទៅ៕