ឧត្តមសេនីយ៍ទោ សោម ស៊ុន បើកវគ្គរៀនសូត្រខ្លឹមសារយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងសៀវភៅសការពារជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការបើកវគ្គរៀនសូត្រផ្សព្វផ្សាយខ្លឹមសារយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងផ្សព្វផ្សាយសៀវភៅសការពារជាតិ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានសិក្ខាកាមជា នាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមរៀនសូត្រចំនួន២៦៨នាក់ ផងដែរ ។
នៅក្នុងពិធីប្រកាសបើករៀនសូត្រនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីគោលដៅសំខាន់ៗ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានជាអាទិ៍ ទី១/. ធានាកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ទី២/. បង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែច្រើន ទី៣/. សម្រេចឲ្យបាននូវការកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០% នៅក្នុងអាណត្តិទី៧នេះ ទី៤/. បន្តពង្រឹងសមត្ថភាពអភិបាលកិច្ចល្អ និងទី៥/.ធានាឱ្យបាននូវការអភិវឌ្ឍសង្គមកិច្ចប្របដោយចីរភាព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកអាទិ៍ភាពចំនួន៥ ក្នុងដំណាក់កាលទី១ នៃយុទ្ឋសាស្ត្របញ្ចកោណនេះ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ដោយឡែកចំពោះ ការផ្សព្វផ្សាយសៀវភៅសការពរជាតិ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានញ្ជាក់នូវចំណុចសំខាន់ៗមួយចំនួននៃសៀវភៅសការពារជាតិ ពិសេសការលើកកំពស់តួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ទទួលបាននូវពុទ្ធិ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិ ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿង និងពង្រឹងកិត្យានុភាពរបស់កងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងវគ្គសិក្សារៀនសូត្រនេះ ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រ បានឡើងធ្វើបទបង្ហាញ និងបទឧទ្ទេសនាមនូវឯកសារយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងសៀវភៅសការពារជាតិ ជូនដល់សិក្ខាកាម ក្នុងវគ្គរៀនសូត្រដ៏មានសារៈសំខាន់នេះ ជូនដល់យោធិនដែលជាសិក្ខាមបានយល់ជ្រួតជ្រាប ។ ជាមួយ នោះដែរ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត គាំទ្រការអនុវត្តន៍កម្មវិធីយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យ ៕