អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំក្នុងឆ្នាំ២០២៣ ទោះបីតម្រូវការបញ្ជាទិញចុះខ្សោយ និងអចលនទ្រព្យធ្លាក់ចុះ
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែរឹងមាំក្នុងឆ្នាំ២០២៣ បើទោះបីជាតម្រូវការពិភពលោកធ្លាក់ចុះ និងការធ្លាក់ចុះនៃអចលនទ្រព្យក៏ដោយ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើង៥,៦ភាគរយនៅឆ្នាំ២០២៣ ដែលជំរុញឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាកើនឡើងដល់៣២,១៧ពាន់លានដុល្លារអាម៉េរិក។ ដោយឡែក សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេព្យាករថានឹងសម្រេចបាននូវអត្រាកំណើនប្រហែល៦,៦ភាគរយ ដែលនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុបកើនឡើងដល់៣៦,១៦ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមរដ្ឋមន្ត្រីរូបនេះថ្លែងប្រាប់សភាអំឡុងពេលជជែកដេញដោលច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២៤ កាលពីពេលលថ្មីៗនេះ។
រដ្ឋមន្ត្រីដដែលរូបនេះ បាននិយាយថា GDP សម្រាប់ប្រជាជនម្នាក់ៗ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន១៩១៧ដុល្លារក្នុងឆ្នាំ២០២៣ ហើយនឹងកើនឡើងបន្ថែមទៀតដល់២០៧១ដុល្លារនៅឆ្នាំ២០២៤។ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកជាចម្បងលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ វិស័យសំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា នៅឆ្នាំ២០២៤ វិស័យឧស្សាហ៍កម្ម ជាពិសេសកាត់ដេរ និងសំណង់ ត្រូវបានព្យាករថានឹងកើនឡើង៨.៥ភាគរយ ខណៈវិស័យសេវាកម្ម ដែលភាគច្រើនជាទេសចរណ៍ ដឹកជញ្ជូន ទូរគមនាគមន៍ ពាណិជ្ជកម្ម និងអចលនទ្រព្យ រំពឹងថានឹងកើនឡើង៦.៩ភាគរយ ហើយវិស័យកសិកម្ម ត្រូវបានព្យាករថា នឹងកើនឡើង១,១ភាគរយ។
ដោយឡែក កម្រិតអតិផរណាត្រូវបានព្យាករថានឹងនៅត្រឹម២,៥ភាគរយក្នុងឆ្នាំ២០២៤ ដែលជាអត្រាដូចគ្នាទៅនឹងឆ្នាំ២០២៣ដែរ ប្រសិនបើតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិត្រឡប់ទៅរកភាពប្រក្រតី និងមានស្ថិរភាពវិញ។ សូមជម្រាបថា ធនាគារពិភពលោកបានឱ្យដឹងនៅក្នុងការព្យាករទស្សនវិស័យពាក់កណ្តាលឆ្នាំរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ដែលបានធ្វើឡើកាលពីចុងខែមុនថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករក្នុងអត្រា៥,៤ភាគរយក្នុងឆ្នាំ២០២៣ និង៥,៨ភាគរយនៅឆ្នាំ២០២៤ ជំរុញដោយកំណើននៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់។ រីឯនៅក្នុងរយៈពេលមធ្យមវិញ ឥទ្ធិពលអវិជ្ជមានត្រួតស៊ីគ្នាដោយសារ ជំងឺរាតត្បាត ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងអត្រាការប្រាក់អន្តរជាតិខ្ពស់ ត្រូវបានគេរំពឹងថា នឹងបន្តរារាំងកំណើនសេដ្ឋកិច្ចនៅពេលណាមួយតាមស្ថានការណ៍ជាក់ស្តែង៕