ឯកឧត្ដម ជិន ម៉ាលីន៖ ស្ថាប័នអយ្យការ ចេញដីកាបង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូន នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃ៩ ខែមករា ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្ដម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បើករថយន្ត Jeep overland ពាក់ស្លាកលេខភ្នំពេញ 2CB-9963 បុកជនរងគ្រោះជិះម៉ូតូ បណ្ដាលឲ្យស្លាប់នៅទួលគោក កាលពីយប់ថ្ងៃទី១៤ ធ្នូកន្លងទៅនោះ នៅថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
ឯកឧត្ដមបញ្ជាក់បន្តថា ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត។
ជាមួយគ្នានោះឯកឧត្ដម ជិន ម៉ាលីន បានគូសបញ្ជាក់ដែរថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់ ៕