ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅនាយករដ្ឋមន្ត្រីជប៉ុន ឱ្យជួយរៀបចំផែនការមេ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅនាយករដ្ឋមន្ត្រីជប៉ុន ឱ្យជួយរៀបចំផែនការមេ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុរបស់កម្ពុជា។
ឯកឧត្ដមបានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីលទ្ធផលនៃដំណើររបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ បន្ថែមថាអំឡុងទស្សនកិច្ចនៅប្រទេសនានា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រឹងប្រែងគ្រប់បែបយ៉ាង និងមិនមានពេលសម្រាក ដើម្បីចរចាជាមួយគ្រប់ភាគី ដើម្បីនាំយកប្រយោជន៍ជូនជាតិ ជូនកម្ពុជា ជូនពលរដ្ឋខ្មែរ៕