ឯកឧត្តម សួន សុផល ជួបពិភាក្សាការងារជាមួយប្រតិភូវិនិយោគិន មានបំណងសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគ ក្នុងវិស័យអេឡិចត្រូនិក និងឡូជីស្ទីក
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ CMA CGM Group តាមរយៈស្ថានទូតបារាំងប្រចាំនៅកម្ពុជា តំណាងដោយលោក Emmanuel LY-BATALLAN ទីប្រឹក្សាសេដ្ឋកិច្ច។
ក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូបានបង្ហាញពីចេតនាក្នុងការវិនិយោគលើការប្រើប្រាស់រថយន្ដដឹកជញ្ជូនអគ្គិសនី (Electric Vehicle) ដើម្បីកាត់បន្ថយចំណាយក្នុងការដឹកជញ្ជូនឲ្យបានច្រើននៅកម្ពុជា ក៏ដូចជាវិនិយោគលើវិស័យពាក់ព័ន្ធនានាដែលរួមចំណែកដល់ការកាត់បន្ថយចំណាយឡូជីស្ទីករួមបញ្ចូលទាំងការដឹកជញ្ជូនប្រព័ន្ធត្រជាក់ (Cold Chain Logistic System) ជាដើម។
មានមតិក្នុងជំនួបដ៏ប្រពៃនេះ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីនីតិវិធីនៃការវិនិយោគលើវិស័យខាងលើសំដៅប្រមូលព័ត៌មានឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយបន្ថែមមួយកម្រិតទៀត មុននឹងសម្រេចចិត្តក្នុងការបណ្ដាក់ទុននៅកម្ពុជា ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យនេះដូចមានចែងក្នុងរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្ដមបានបង្ហាញជំនឿចិត្តថាគណៈប្រតិភូនឹងច្បាមយកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគក្រោមច្បាប់ស្ដីពីវិនិយោគក្នុងវិស័យប្រលបដោយនវានុវត្តន៍នេះ។