ឯកឧត្តមសន្តិបណ្ឌិត សុខ ផល អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
បើតាមឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា លទ្ធផលនៃប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវបានវាយតម្លៃ និងឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរដ្ឋបាលខេត្តទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងឆ្នាំ២០ ២៣ ក្នុងចំណោម ១០៣ ឃុំ សង្កាត់ នៅទូទាំងខេត្តបាត់ដំបង ឃុំ សង្កាត់ ទទួលបានចំណាត់ថ្នាក់លេខ១មានចំនួន ៦៨ ឃុំ សង្កាត់ ចំណាត់ថ្នាក់លេខ ២ មានចំនួន ៣៤ ឃុំ សង្កាត់ និងចំណាត់ថ្នាក់ លេខ ៣ មានចំនួន ១ ឃុំ ។
ឯកឧត្តមបានបញ្ជាក់ថា ដោយមានការខិតខំរបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បទល្មើសជារួមមានការថយចុះ ៧៣% គួបផ្សំប្រតិបត្តិការបង្ក្រាបទទួលបានរហូតដល់៩៤% ដែលជាហេតុធ្វើឱ្យការងារប្រឡងប្រណាំងឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ទទួលបានលទ្ធផលគួរជាទីមោទនៈ ។
ឯកឧត្តមបានបន្តទៀតថា មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលជាបង្អែកយ៉ាងរឹងមាំក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមបណ្តាមូលដ្ឋាន បានដឹកនាំគ្រប់គ្រងពង្រឹងកម្លាំងប្រជាការពារ ចូលរួមក្នុងសកម្មភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋានកាន់តែសកម្មថែមទៀត ជាពិសេសការត្រៀមលក្ខណៈ ក្នុងការចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយ ឬមានហេតុការណ៍គ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុបានទាន់ពេលវេលា។
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានជំរុញគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក ឲ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀត និងបន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលការងារចំពោះមុខសំខាន់ៗ គឺនៅក្នុងឆ្នាំ២០២៤នេះ ត្រូវបន្តចូលរួមពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសការកាត់បន្ថយ និងឈានទៅដល់ការលប់បំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅក្នុងសហគមន៍ ដែលមានក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធផ្សេងទៀតជាអ្នកចង្អុលបង្ហាញ ដើម្បីធានាដល់បរិយាកាសសង្គម ដែលមានសន្តិភាព និងសុវត្ថិភាពល្អប្រសើរ ជាមួយនឹងការជំរុញរៀបចំនូវសណ្តាប់ធ្នាប់ សោភ័ណភាព និងអនាម័យ នៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីចូលរួមលើកកម្ពស់មុខមាត់ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិ។
ឯកឧត្តមបានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ច គ្រប់ថ្នាក់ គ្រប់ផ្នែកដែលបានចូលរួមយ៉ាងសកម្ម អនុវត្តបានល្អប្រសើរ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្តថែរក្សាសន្តិភាព និងរាល់សមិទ្ធផលដែលយើងសម្រេចបាន៕