បារាំងកំពុងត្រៀមលក្ខណៈក្នុងការទទួលស្វាគន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសបារាំង នាពេលឆាប់ៗខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសបារាំង បាននិងកំពុងត្រៀមលក្ខណៈក្នុងការទទួលស្វាគន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសបារាំង នាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់បែបនេះ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ហ្សាក់ ប៉ែលឡេ បានបញ្ជាក់ថា បារាំងនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសុខាភិបាល, ឌីជីថល, សេដ្ឋកិច្ច, ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរថា ប្រទេសបារាំងនឹងគាំទ្របេក្ខភាពរបស់កម្ពុជា ដើម្បីទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) នៅឆ្នាំ២០២៦ ខាងមុខ ដែលនឹងមានរដ្ឋ និងរដ្ឋាភិបាលប្រមាណជាង ៩០ នៅទូទាំងសាកលលោកចូលរួម៕