ឧត្តមសេនីយ៍ទោ សេង ធារិន ចុះពិនិត្យ លំហាត់យុទ្ធដំណើរទ័ព វគ្គហ្វឹកហ្វឺន ពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យ លំហាត់យុទ្ធដំណើរទ័ពបញ្ជប់វគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព សិក្ខាកាមសរុប ១០០នាក់ ស្ថិតក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ឧត្តមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយគឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់លើ ។
ការធ្វើលំហាត់យុទ្ធដំណើរនាពេលនេះ ចម្ងាយ ១៥ គីឡូម៉ែត្រ គឺដើម្បីឱ្យ សិក្ខាកាមទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជា ត្រៀមប្រយុទ្ធ ប្រយុទ្ធ បានស្ទាត់ជំនាញដើម្បីធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន ៕