ទេសរដ្ឋមន្ត្រី អ៉ី ឈាន ណែនាំដល់រដ្ឋបាលខេត្តប៉ៃលិន ត្រូវបន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
ភ្នំពេញ៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរាយការណ៍សង្ខេបជូនអង្គពិធី អំពីសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដោយមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត។
លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានលេីកឡេីងពីសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមបន្ទាត់ព្រំដែន មានលក្ខណៈល្អប្រសើរ ដោយរក្សាបាននូវបូរណភាព និងអធិបតេយ្យភាពជាតិ បានប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។
រដ្ឋបាលខេត្តប៉ៃលិនតែងតែសហការជាមួយនឹងភាគីប្រទេសថៃ ក្នុងការទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗបានយ៉ាងល្អប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី អ៉ី ឈាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធនានានៅជុំវិញខេត្ត ដែលបានសម្រេចនូវសមិទ្ធផលយ៉ាងត្រចេះត្រចង់។
ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវបន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយមិនត្រូវទាមទារកម្រៃសេវាក្រៅផ្លូវណាមួយ ដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡេីយ។
ទន្ទឹមជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានធ្វើការណែនាំបន្ថែមទៅដល់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងប៉ៃលិន ត្រូវបន្តផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជូនដល់បងប្អូនឱ្យពួកគាត់បន្តចូលរួមអនុវត្តឱ្យបានខ្លាំងខ្លាបន្ថែមទៀត ដេីម្បីលុបបំបាត់នូវរាល់អសន្តិសុខនៅក្នុងមូលដ្ឋាន ដូចជាល្បែងស៊ីសង ក្មេងទំនេីង បទល្មើសផ្សេងៗ ជាពិសេសការចរាចរជួញដូរគ្រឿងញៀន ដែលទាមទារឱ្យមានការសហការគ្នាល្អពីមូលដ្ឋានបងប្អូនប្រជាពលរដ្ឋ ដេីម្បីឱ្យពួកគាត់ចូលរួមសហការរាយការណ៍ ជូនសមត្ថកិច្ច បង្ក្រាបឱ្យបានទាន់ពេលវេលា ៕