រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យ ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែប្រែកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃ២២ ធ្នូនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «នេះហើយជាគោលដៅដែលរាជរដ្ឋាភិបាលអាណត្តិមុន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានដាក់ទិសដៅនៅក្នុងការកសាងប្រែក្លាយផែនេះច្រើនអាណត្តិមកហើយ យើងបានឈានទៅដល់ដំណាក់កាលថ្មី ហើយទៅថ្ងៃមុខយើងនឹងធ្វើកិច្ចការងារបន្ថែមទៀត ដើម្បីប្រែក្លាយផែនេះមិនត្រឹមជាផែសម្រាប់ឆ្លងកាត់កុងទឺន័រនោះទេ ប៉ុន្ដែទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់»។
សម្ដេចធិបតី បន្តថា ចក្ខុវិស័យនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យសក្ដានុពលនៅតំបន់នេះក្លាយទៅជាសក្ដានុពលដែលបម្រើទៅដល់វិស័យពាណិជ្ជកម្មតំបន់ និងអន្ដរជាតិ ដើម្បីភ្ជាប់កម្ពុជាជាមួយតំបន់អន្ដរជាតិ និងជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ដោយមិនចាំបាច់ពឹងផ្អែកបរទេស។
សម្ដេចថា ឥលូវកម្ពុជាមានកំពង់ផែ ប៉ុន្ដែសមត្ថភាព និងលទ្ធភាពនៅមានកម្រិត ដូច្នេះមានន័យថា កប៉ាល់មិនអាចមកគ្រប់នៅកន្លែងនេះទេ ដោយត្រូវពឹងផែប្រទេសជិតខាង ដើម្បីផ្ទេរទំនិញ ជាហេតុធ្វើឲ្យខាតបង់ និងបាត់ភាពប្រកួតប្រជែងច្រើន តែនៅពេលការសាងសង់រួចរាល់នោះនឹងកាន់តែផ្ដល់ភាពងាយស្រួល និងកាន់តែចំណេញច្រើនដល់កម្ពុជា ៕