សម្តេចធិបតី៖ គោលដៅរាជរដ្ឋាភិបាល គឺប្រែក្លាយកំពង់ផែទឹកជ្រៅ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន ដើម្បីភ្ជាប់កម្ពុជាជាមួយតំបន់ និងអន្តរជាតិ ដោយមិនចាំបាច់ពឹងផ្អែកលើកំពង់ផែប្រទេសជិតខាង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺប្រែក្លាយកំពង់ផែទឹកជ្រៅ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ ដែលជាសក្តានុពលបម្រើទៅដល់វិស័យពាណិជ្ជកម្មតំបន់និងអន្តរជាតិ ដើម្បីភ្ជាប់កម្ពុជាជាមួយតំបន់ និងអន្តរជាតិ ដើម្បីជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ដោយមិនចាំបាច់ពឹងផ្អែកលើកំពង់ផែរបស់ប្រទេសជិតខាងតទៅទៀត។
ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ឆ្នាំនេះកម្ពុជានិងជប៉ុនមានចំណុចពិសេសចំនួន២ គឺ៖ ទី១-ការរំលឹកខួបទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ
ទី២-កម្រិតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុនបានបង្កើនទៅដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតមួយខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ៕