ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារ និងសមិទ្ធផលនានា នៅទីបញ្ជាការ កងអនុសេនាធំទី២ វរសេនាតូចរថក្រោះលេខ៦៧
ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារ និងសមិទ្ធផលនានា នៅទីបញ្ជាការ កងអនុសេនាធំទី២ វរសេនាតូចរថក្រោះលេខ៦៧ ក្រោមអធិបតីភាព នៅទីបញ្ជាការ កងអនុសេនាធំទី២(កងវ៉ា) ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
សមិទ្ធផលនៅទីបញ្ជាការ កងអនុសេនាធំទី២ វរសេនាតូចរថក្រោះលេខ៦៧ ដែលសម្ពោធថ្ងៃនេះរួមមាន :
-អាគារ ១ខ្នង ទំហំ ១៤០ម៉ែត្រការ៉េ -ផ្ទះបាយរួម ១ខ្នង ទំហំ ៥២.៥ម៉ែត្រការ៉េ
-អគារទីបញ្ជាការថ្មី ១ខ្នងទំហំ ៩២ម៉ែត្រការ៉េ
-របងថ្ម កំពស់ ២ម៉ែត្រ
-ក្លោងទ្វាប៉ុស្តិ៍យាម ប្រវែង ១៦៦ម៉ែត្រ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មានប្រសាសន៍កោតសរសើរដល់អង្គភាពថា រាល់ស្នាដៃ និងសមិទ្ធផលធំធេងដែលទទួលបាននាពេលនេះ គឺបានមកពីការចូលរួមដោយយកអស់ពីកម្លាំងចិត្ត កម្លាំងកាយ តស៊ូ ព្យាយាម របស់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ របស់ទីបញ្ជាការ កងអនុសេនាធំទី២ វរសេនាតូចរថក្រោះលេខ៦៧ ទើបទទួលលទ្ធផលតាមការរំពឹងទុក។
ឯកឧត្តម មេបញ្ជាការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន ពលទាហាន ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការបំពេញភារកិច្ចដែលថ្នាក់លើដាក់ជូន បានសម្រេចតាមផែនការក្នុងឆ្នាំ២០២៣កន្លងមក និងបានណែនាំ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឈានទៅដល់គោលដៅឆ្នាំ២០២៤ ទទួលបានលទ្ធផលកាន់តែប្រសើរបន្ថែមទៀត នាមជាកងទ័ពក៏ត្រូវតែប្រមូលផ្ដុំកម្លាំងនៅកន្លែង ដើម្បីធ្វើការងារជំនាញរបស់ខ្លួន ប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្របន្ថែមទៀត និងត្រូវបន្តធ្វើការកសាងការងារពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ឲ្យដូចភ្លៀងរលឹម ដើម្បីធានាបាននូវការហូបចុកបន្ថែមរបស់កងទ័ព។
ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានប្រគល់ប័ណ្ណសរសើរ ជូនដល់សប្បុរសជនដែលបានជួយឧបត្ថម្ភដល់ការកសាង និងឧបត្ថម្ភថវិការ ចំនួន ២.០០០.០០០រៀល ដល់កម្មវិធីផងដែរ៕