ឯកឧត្តម ហេង សួរ ជំរុញសមាគមអតីតនិស្សិតខ្មែរ ពីសាធារណរដ្ឋកូរ៉េ ពង្រីកសមាជិកភាព និងសកម្មភាពក្នុងសង្គម
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានជំរុញឱ្យសមាគមអតីតនិស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េ (ស.អ.ខ.ក./KAAC) ពង្រីកសមាជិកភាពសមាគម និងពង្រីកសកម្មភាពជាមួយភាគីពាក់ព័ន្ធដើម្បីចូលរួមសកម្មភាពក្នុងសង្គមជាតិ។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម Park JungWook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនអតីតនិស្សិតខ្មែរពីសាធារណរដ្ឋ
កូរ៉េចំនួន៦៥រូប ដែលកម្មវិធីនេះបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការបង្កើនចំនួនសមាជិកភាពក្នុងក្រុមនឹងធ្វើឱ្យសមាគមអាចដើរតួនាទីកាន់តែសំខាន់បន្ថែមទៀតក្នុងការរឹតចំណងមិត្តភាពវាងអតីតនិស្សិតខ្មែរទាំងអស់ ហើយសមាគមបញ្ញាវ័ន្តនេះ នឹងអាចចូលរួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែស្អិតរមួត។
សូមបញ្ជាក់ថាសមាគមអតីតនិស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េនេះត្រូវបានបង្កើតឡើងដោយអតីតនិស្សិតខ្មែរមួយក្រុមកាលពីឆ្នាំ២០១៥ ដើម្បីជួបជុំអតីតនិស្សិតកម្ពុជាមកពីកូរ៉េ ដើម្បីអនុវត្តសកម្មភាពនានា ប្រកបដោយ ភាពវិជ្ជមាន ផ្អែកលើមូលដ្ឋានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់សម្រាប់សង្គមជាតិ៕