រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ កម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច តែមានការប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច តែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួម ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍ប្រជាជាតិ ទៅតាមដំណាក់កាល និងយន្តការផ្សេងៗ ទាំងកម្រិតតំបន់ និងពិភពលោក ជាពិសេសក្នុងក្របខ័ណ្ឌ នៃអង្គការសហប្រជាជាតិ ក្នុងឋានៈជាប្រទេសហត្ថលេខី ឬរដ្ឋភាគី នៃអនុសញ្ញា និងពិធីសារនានា ពាក់ព័ន្ធទៅនឹងវិស័យបរិស្ថាន ។
ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤» របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២០ ធ្នូ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា បច្ចុប្បន្ន ពិភពលោកបាននិងកំពុងយកចិត្តទុកដាក់លើការឆ្ពោះទៅសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជារបៀបវារៈសម្រាប់ឆ្នាំ២០៣០ អនុម័តដោយប្រទេសជាសមាជិក អង្គការសហប្រជាជាតិទាំងអស់ក្នុងឆ្នាំ២០១៥។ ឯកឧត្ដមបានទាញចំណាប់អារម្មណ៍ថា នៅក្នុងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDG 2016-2030) គឺមានគោលដៅចំនួន ១៨ ក្នុងនោះ គោលដៅចំនួន ៧ ពាក់ព័ន្ធនឹងបរិស្ថាន និងមានភាពស៊ីសង្វាក់ជាមួយបេសកកម្មរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
ឯកឧត្ដមរដ្ឋមន្ត្រីបន្ថែមថា ស្របពេលជាមួយគ្នានេះផងដែរ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ក៏ត្រូវបានអនុម័តផងដែរ ក្នុងគោលបំណងពង្រឹងការឆ្លើយតបជាសកលទៅនឹងការគំរាមកំហែង នៃការ ប្រែប្រួលអាកាធាតុ ក្នុងបរិបទការអភិវឌ្ឍដោយចីរភាព និងការលុបបំបាត់ភាពក្រីក្រ។ តាមការព្យាករណ៍ របស់អ្នកវិទ្យាសាស្រ្តចុងក្រោយនេះ ពិភពលោកបានប្រឈមនឹងការកើនឡើងកម្ដៅផែនដីពី ២,៥ ទៅ ២,៩ អង្សាសែលស៊ុល ដែលនេះជាសញ្ញាទាមទារឱ្យមានការចូលរួមបន្ថែម ពីប្រទេសទាំងអស់ ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។
ឯកឧត្ដមរដ្ឋមន្ត្រី បញ្ជាក់ថា «កម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច តែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួម ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍ប្រជាជាតិ ទៅតាមដំណាក់កាល និងយន្តការផ្សេងៗ ទាំងកម្រិតតំបន់ និងពិភពលោក ជាពិសេសក្នុងក្របខ័ណ្ឌ នៃអង្គការសហប្រជាជាតិ ក្នុងឋានៈជាប្រទេសហត្ថលេខី ឬរដ្ឋភាគី នៃអនុសញ្ញា និងពិធីសារនានា ពាក់ព័ន្ធទៅនឹងវិស័យបរិស្ថានដូចជា៖ អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ, អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ, អនុសញ្ញាវីយ៉េនស្តីពីកិច្ចការពារស្រទាប់អូហ្សូន, អនុសញ្ញា ស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិដែលកំពុងរងគ្រោះ និងជិតផុតពូជ, អនុសញ្ញារ៉ាមសារ ជាដើម» ។
រដ្ឋមន្ត្រីបរិស្ថានបន្ថែមថា ទន្ទឹមនេះ បើយើងក្រឡេកមកសិក្សាពីតំបន់អាស៊ានវិញ ប្រទេសជាសមាជិកអាស៊ានទាំងអស់
បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថានក្នុងតំបន់ ដែលតម្រូវឱ្យមានការចូលរួមដោះស្រាយរួមគ្នា
ដោយបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីបរិស្ថាន ដែលបានកំណត់យកអាទិភាពដូចជា៖ ការប្រែប្រួលអាកាសធាតុ ការបំពុលខ្យល់ ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានទឹក សារធាតុគីមី និងសំណល់ ការអប់រំបរិស្ថាន ការប្រើប្រាស់និងផលិតដោយនិរន្តភាព និរន្តរភាពបរិស្ថានទីក្រុង កិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន និងយន្តការផ្សេងៗទាក់ទងនឹងបរិស្ថាន។ ចំពោះក្របខ័ណ្ឌមហាអនុតំបន់មេគង្គវិញ វិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានផ្តល់ ជាអាទិភាព និងបានបញ្ចូលទៅក្នុងរាល់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គដូចជា៖ កិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង, កិច្ចសហប្រតិបត្តិការមេគង្គ-អាមេរិក, កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (ឥណ្ឌា), កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន, កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ, មហាអនុ- តំបន់មេគង្គ (Greater Mekong Sub-region) និងមិត្តរបស់មេគង្គ (Friends of the Mekong)។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានផ្តោតសំខាន់លើការ អភិវឌ្ឍដោយចីរភាព ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាព ប្រជាសហគមន៍ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវ «យុទ្ធសាស្ត្រ អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបួន» ដែលជាការប្ដេជ្ញាខ្ពស់របស់កម្ពុជា ក្នុងការចូលរួម ជាមួយនឹងពិភពលោកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជារក្សា និងបង្កើនភាពបៃតងនៃ ភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ ៕