មន្ទីរបរិស្ថានខេត្តបាត់ដំបង បន្តជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅគ្រប់សាលារៀនទាំងអស់នៅតាមមូលដ្ឋាន
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន ២,០៣២ នាក់ នៅសាលាបឋមសិក្សាសម្តេចជាស៊ីម ដែលស្ថិតនៅ ភូមិបែកចានថ្មី សង្កាត់ព្រែកស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្តេជ្ញាចិត្ត ជាលើកទី២ “ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ “និង”យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា” “លាហើយប្លាស្ទិក “។
យុទ្ននាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ១ កញ្ញា បានរៀបចំឡើង ដោយមានការចូលរួមពី ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយ លោក កត បូរាន ប្រធានមន្ទីរបរិស្ថានខេត្ត មន្រ្តីរាជការ គណៈគ្រប់គ្រងសាលា លោកនាយកសាលា តំណាងអាជ្ញាធរមូលដ្ឋាន មួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ យុទ្ធនាការ ១កញ្ញា ដែលផ្តោតលើការប្តេជ្ញាចិត្តឈានទៅការកាត់បន្ថយថង់ប្លាស្ទិកទាំងស្រុងនៅកម្ពុជា នៅពេលអនាគត ដោយចាប់ផ្តើមពីសិស្សានុសិស្ស និងសកម្មភាពជាក់ស្តែង បានរៀបចំឡើងនៅតាមគ្រឹះស្ថានសិក្សានានានៅក្នុងខេត្ត។
គួរបញ្ជាក់ថា មន្ទីបរិស្ថានខេត្តបាត់ដំបង បានបើកយុទ្ឋនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិចទេ” ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសាលារៀនចូលរួមចំនួន ១៤៤ លោកគ្រូ អ្នកគ្រូចំនួន ២,៧៥៣នាក់ សិស្សានុសិស្ស ចំនួន៦៤,៧៦៥នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋចំនួន ៩១៧នាក់ ស្រុកចំនួន១១ សាលារៀនឯកជនចំនួន ៥ អង្គការចំនួន១ រោងចក្រចំនួន១ និងសហគមន៍ចំនួន ១កន្លែង៕