ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យប្រព័ន្ធទំនប់អាងទឹក ក្នុងខេត្តមណ្ឌលគិរី
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយប្រធាន អនុប្រធានមន្ទីររធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី រួមជាមួយសហការី និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យប្រព័ន្ធទំនប់អាងអូរតេជំហានទី២ មានទីតាំងស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្តលគីរី ដែលទំនប់អាងទឹកនេះមានអានុភាព និងសក្តានុពលខ្ពស់។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងចុះពិនិត្យលើប្រព័ន្ធទំនប់អាងទឹកដាក់ដាំ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជាអាងទឹកដ៏ធំសំខាន់មួយទៀតរបស់ខេត្តក្នុងភូមិភាគឦសានមួយនេះ។
ឯកឧត្តមរដ្ឋលេខាធិការបានប្រាប់ឱ្យដឹងថា កិច្ចការកសាងអាងទឹកដ៏ធំទាំងពីរខាងលើបន្ទាប់ពីការកសាងទំនប់អាងទឹកទំនប់លើទំនប់ក្រោម និងអាងទឹកអូរតេជំហានទី១ គឺជាផែនការការងារមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់ថា ការកសាងអាងទឹកដ៏ធំៗទាំងនេះគឺជាការកសាងធុងអាគុយដ៏ធំសម្រាប់ធ្វើការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យជូនដល់ខេត្តក្នុងតំបន់ភូមិភាគឦសានដែលរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ឱ្យជៀសផុតពីហានិភ័យនៃគ្រោះមហន្តរាយដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ៕