សម្តេចតេជោ អនុញ្ញាតឱ្យយុវសិស្សនិទ្ទេសA អន ផានិត និងក្រុមគ្រួសារចូលជួបនៅភូមិគ្រឹះ នាក្រុងតាខ្មៅ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យយុវសិស្ស អន ផានិត ព្រមទាំងក្រុមគ្រួសារចូលជួបសម្តេចនៅភូមិគ្រឹះនាក្រុងតាខ្មៅ។
តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យថឹងថា “ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិតដោយមានទាំងប្អនស្រីនិងសាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថាឪពុក ម្តាយរបស់ផានិតដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលៈបង់ដើម្បីកូននិងក្រុមគ្រួសារ។ឯចៅផានិតវិញពិតជាក្មេងប្រកបដោយគុណធម៍និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។ ចៅស្រីដែលជាប្អូនរបស់ផានិតបាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។
នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ផានិតសម្រាប់ការរៀនសូត្រនៅភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្ភពីឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុកម្តាយបារម្ភពីផានិតដែលរៀននៅភ្នំពេញ”៕