រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប ដែលប្រារព្ធធ្វើនៅ សាលសន្និសិទ្ធសណ្ឋាគារសុខាសៀមរាប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត និង អាជ្ញាធរក្រុង ស្រុក និង ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ស្មៀនឃុំសង្កាត់ទាំង ១០០ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាល មន្ត្រីរាជការ អង្គការសង្គមស៊ីវិល ប្រមាណ ៦០០នាក់ចូលរួមផងដែរ។
នាឱកាសបើកអង្គសន្និបាទឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឱ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបានក្នុងរយៈពេល មួយឆ្នាំមកនេះ ក្នុងអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ផង និងឆ្លងចូលការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញដោយផ្តោតលើបាវចនាប្រាំ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។ ម៉្យាងទៀតដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយ ចក្ខុវិស័យ និង ទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ និងត្រូវពុះពារអនុវត្ដយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំង កម្មវិធីជាតិរបស់ក្រសួង-ស្ថាប័ នពាក់ព័ន្ធ ដោយបន្ស៊ីគ្នានឹងស្ថានភាពជាក់ស្ដែងនៅមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាពេលនេះ គឺជាយន្តការការងារមួយសម្រាប់យើងធ្វើការរួមគ្នាត្រួតពិនិត្យ វាយតម្លៃអំពី លទ្ធផលការងារ ដែលសម្រេចបាន និងដឹងអំពីបញ្ហាប្រឈមនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារកំណត់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៤ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ក្នុងឆ្នាំ២០២៤ យើងនឹងត្រៀមរៀបចំ ផែនការដើម្បីអនុវត្តការ ដាក់ចេញនូវកម្មវិធីពិសេស មួយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ទស្សនាសៀមរាបឆ្នាំ២០២៤” ដែលកម្មវិធីនេះ សំដៅជំរុញវិស័យទេសចរ ណ៍នៅក្នុងខេត្តសៀមរាបឱ្យមានសន្ទុះឡើងវិញ។
ឯកឧត្តមអភិបាលខេត្ត បានសូមឱ្យអង្គសន្និបាតទាំងមូលផ្ដោតការយកចិត្តទុកដាក់ ក្នុងការចូលរួម ពិនិត្យ ពិភាក្សា លើបញ្ហានានា និង ផ្ដល់ជាធាតុចូលទាំងឡាយទៅក្នុងក្រុមពិភាក្សានីមួយៗ ដើម្បីធានាបាននូវផែនការ និង វិធានរួមលម្អិតមួយ ដែលមានភាពប្រាកដប្រជា ធានាបាននូវភាពជាម្ចាស់របស់ស្ថាប័ន ព្រមទាំងអាចអនុវត្តបានប្រកបដោយជោគជ័យនាឆ្នាំ២០២៣នេះ ៕