ឯកឧត្ដម ស្វាយ សំអ៊ាង៖ ឆ្នាំ២០២៣ ច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តស្ទឹងត្រែង ផ្ដល់សេវាជូនប្រជាពលរដ្ឋបានជិត ២ម៉ឺនសេវា
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានពង្រឹងអភិបាលកិច្ចល្អក្នុងការផ្តល់សេវា រដ្ឋបាលតាមគោលការណ៍ នីតិវិធី និងប្រព័ន្ធច្រកចេញចូលតែមួយ ក្នុងនោះមានសេវាសរុបដែលបានផ្ដល់ចប់សព្វគ្រប់ ១៧.៦៧៦សេវា ប្រជាពលរដ្ឋជាស្ត្រីមកទទួលសេវា ចំនួន ១.៥១៦នាក់ ចំណូលដែលទទួលបានពីការ ផ្តល់សេវារដ្ឋបាលសរុបចំនួន ៨៩៧.៥៤៥.៤០៥រៀល។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៦ ធ្នូនេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ការិយាល័យប្រជាពលរដ្ឋខេត្ត បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាតំណាងរបស់ប្រជាពលរដ្ឋ ក្នុង ការទទួល និងសម្រុះសម្រួលដោះស្រាយបញ្ចាំងនៅក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ខេត្ត ក្នុងនោះ បានប្រចាំការនៅតុពិសេសចំនួន ៩៦ដង ចុះបើកប្រអប់ សំបុត្រការិយាល័យប្រជាពលរដ្ឋខេត្តនៅចំនួន ២៧ប្រអប់ បានទទួលពាក្យបណ្ដឹងស្ថិតក្នុងដែនសមត្ថកិច្ច សរុបចំនួន ៤ករណី និងបានដោះស្រាយរួចទាំង ៤ករណី។
ដោយឡែកសម្រាប់ការងារសុខាភិបាល រដ្ឋបាលខេត្តបានពង្រឹង និងលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធផ្តល់សេវាសុខាភិបាល ដែលប្រកបដោយ គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស ដល់មាតា ទារក កុមារ និងប្រជា ពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ដាច់ស្រយាល។ បច្ចុប្បន្ន ក្នុងខេត្តមានមន្ទីរពេទ្យបង្អែកខេត្ត ០១ និងការិយាល័យស្រុកប្រតិបត្តិ ០១ និងមណ្ឌលសុខភាពចំនួន១៩ និងប៉ុស្តិ៍សុខភាព ៣ បាននិងកំពុងអនុវត្តយន្តការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋទូទាំងខេត្ត ដែលក្នុងនោះមាន៖ ចំនួនអ្នក ជំងឺដែលមកសម្រាកព្យាបាលសរុប ៩២.៤៤៤នាក់ វះកាត់សរុប ១.២៨២នាក់ ការសម្រាលកូនសរុបចំនួន ៣.៩៣២នាក់ ការផ្តល់ថ្នាំបង្ការសម្រាប់កុមារអាយុក្រោម១ឆ្នាំរួមមាន៖ វ៉ាក់សាំងការពារជំងឺរបេង ៤.១៦៥ នាក់ វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទបេចំនួន ៣.៥២៦ វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងលើកទី៣ចំនួន ៤.១១៧នាក់ វ៉ាក់សាំងការពារជំងឺកព្រិល ៣.៩៦០នាក់ និងការចាក់វ៉ាក់សាំងតេតាណុសយ៉ាងតិច២ដង សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន ១.០៦៩នាក់។
យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនកុមារ យុវជន និងប្រជាពលរដ្ឋនៅទូទាំងខេត្ត សម្រេចបានដូចតទៅ៖ ដូសទី១ចាក់បាន ២៦៥នាក់ ដូសទី២ចាក់បាន ៥០៤នាក់ ដូសទី៣ចាក់បាន ៣.១៨៤នាក់ ដូសទី៤ចាក់បាន ៤.៦២៥នាក់ ដូសទី៥ចាក់បាន ៥.៥៥៥នាក់ និងដូសទី៦ចាក់បាន ៤.៥៨៤នាក់ ៕