អគ្គនាយករង ប.ស.ស អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ជម្រើសការប្រើប្រាស់រថយន្តដឹកកម្មករនិយោជិត
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “ជម្រើសការប្រើប្រាស់រថយន្តដឹកកម្មករនិយោជិត” នៅសាលប្រជុំនាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម ដោយមានអ្នកចូលរួមប្រមាណជា២០រូប។
កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យនិងពិភាក្សាអំពីជម្រើសនៃការផ្លាស់ប្តូររថយន្តដឹកទំនិញដែលដឹកកម្មករនិយោជិតឈរ ទៅជារថយន្តដឹកអ្នកដំណើរដែលមានកៅអីអង្គុយត្រឹមត្រូវ សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ប្រសើរជាងមុន។
ឯកឧត្ដមបណ្ឌិត អគ្គនាយករង បានជំរុញដល់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ធ្វើយ៉ាងណាជំរុញរថយន្តដឹកកម្មករទាំងអស់ត្រូវរៀបចំឱ្យស្របតាមលក្ខណៈបច្ចេកទេស ព្រមទាំងមានសុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់៕