រដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អានុសាសន៍ ៦ចំណុច ជូនអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ក្នុងបេសកកម្ម “កែប្រែទស្សនៈវិស័យរបស់សម្តេចធិបតី ឱ្យក្លាយជាការពិត”
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានមជ្ឍមណ្ឌល ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ នៅសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់អានុសាសន៍ ៦ចំណុច ជូនអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ក្នុងបេសកកម្ម“កែប្រែទស្សនៈវិស័យរបស់សម្តេចធិបតី ឱ្យក្លាយជាការពិត” រួមមាន៖
១.ប្តេជ្ញាបំពេញមុខងារ និងបេសកកម្មរបស់ខ្លួនឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីការងារកែទម្រង់ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
២.បន្តពិនិត្យ និងរៀបចំរចនាសម្ព័ន្ធ មុខងារស្ថាប័នដោយកំណត់ឱ្យច្បាស់លាស់ និយាមប្រើប្រាស់ធនធានមនុស្ស និងថវិកានៅតាមអង្គភាព និយាមសេវាសាធារណៈចំពោះការងារក្របខណ្ឌនិងសមិទ្ធកម្ម ការរៀបចំផែនការអភិវឌ្ឍន៍ស្ថាប័ន អង្គភាពនៃក្រសួងមុខងារសាធារណៈ ក៏ដូចជាផែនការធនធានមនុស្សរយៈពេលវែង
៣.អភិវឌ្ឍន៍ និងប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ឱ្យអស់សក្តានុពល និងលទ្ធភាពក្នុងការអនុវត្តមុខងារនិងបេសកកម្មរបស់ក្រសួងមុខងារសាធារណៈ
៤.ពិនិត្យឡើងវិញ កែសម្រួល និងតម្រង់ទិសថវិកាឱ្យចំគោលដៅ គាំទ្រប្រសិទ្ធភាពការងារនិងសមិទ្ធកម្មដែលត្រូវពិនិត្យមើលប្រភពថវិកាជាតិ ថវិកាដៃគូអភិវឌ្ឍន៍ និងប្រើប្រាស់ការលើកទឹកចិត្តផ្ទៃក្នុងឱ្យមានប្រសិទ្ធភាពខ្ពស់
៥.រៀបចំនិងអនុវត្តន៍ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអង្គភាពរបស់ក្រសួងមុខងារសាធារណៈ ក្នុងក្របខណ្ឌនិងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល
៦.ប្រែក្លាយក្រសួងមុខងារសាធារណៈ ជាក្រសួងឈានមុខមួយក្នុងការទទួលយកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ខ្លួន ពិសេសការពង្រឹង និងពង្រីកប្រព័ន្ធគ្រប់គ្រងមន្ត្រីសម្រាប់គាំទ្រដល់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍសេវាសាធារណៈតាមប្រព័ន្ធឌីជីថល។
ជំនួបនារសៀលនេះ ជាជំនួបលើកទី៦ របស់ឯកឧត្តមរដ្ឋមន្ត្រី ជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ក្នុងគោលបំណងមិនខុសគ្នាពីជំនួបមុនៗទេ គឺជួបដើម្បីសំណេះសំណាលឈ្វេងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាការស្តាប់របាយការណ៍ ការចែករំលែកនូវបទពិសោធន៍ និងសំណូមពរ ព្រមទាំងជាឱកាសសម្រាប់ការលើកឡើងនូវបញ្ហាប្រឈមដែលក្រុមការងារបានជួបប្រទះកន្លងមក ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយជាមួយគ្នាឆ្លើយតបជាមួយនឹងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕