អភិបាលក្រុងស្ទឹងត្រែង បញ្ជាក់អំពីករណីរបស់លោក ជា គួង ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រមូលសំរាម នៅក្នុងក្រុងស្ទឹងត្រែង
ភ្នំពេញ៖ លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានបញ្ជាក់អំពីករណីរបស់លោក ជា គង់ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រមូលសំរាម នៅក្នុងឆ្នាំ២០១៩ តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង លោក ជា គួង បានទំនាក់ទំនងធ្វើការផ្ដល់សេវានៅរដ្ឋបាលក្រុងស្ទឹងត្រែង ពាក់ព័ន្ធជាមួយនឹងការប្រមូលសំរាមនេះ។
នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ អង្គភាពសារព័ត៌មាន Hotnews Asia នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានបញ្ជាក់ថា “ដោយសារយើងឃើញថាពាក់ព័ន្ធជាមួយនឹងបទពិសោធន៍នៅពេលដែលលោក ជា គួង មកគឺគាត់យកមធ្យោបាយ(រថយន្ត)ចំនួន០២គ្រឿង តាមរយៈការចង្អុលពីរដ្ឋបាលខេត្តស្ទឹងត្រែង ហើយនិងមានការណែនាំឲ្យយើងចុះកិច្ចសន្យាដើម្បីបំពេញនីតិវិធីច្បាប់អនុក្រឹត្យលេខ១១៣ ឲ្យអាជ្ញាធរក្រុង ស្រុក មានសិទ្ធិផ្ដល់កិច្ចសន្យាដល់ដៃគូអាយុក្រោម១០ឆ្នាំ”។
លោកអភិបាលក្រុង បន្តថា នៅពេលលោក ជា គួង បានអនុវត្តអស់រយៈពេល០៣ខែ រដ្ឋបាលក្រុង មានគោលការណ៍មួយដើម្បីឈានទៅដល់ការចុះកិច្ចសន្យា៖ ទី១.ត្រូវតែមានរបាយការណ៍ហិរញ្ញវត្ថុ មានន័យថា អំពីចំណូល អំពីចំណាយ អតិថិជនក្នុង មធ្យោបាយដែលប្រើប្រាស់ ការគ្រប់គ្រងទីលានសំរាម និងរបាយការណ៍ហិរញ្ញវត្ថុ ទាំងនេះគឺជាគោលការណ៍របស់មន្ទីរហិរញ្ញវត្ថុ ដើម្បីមានមូលដ្ឋានក្នុងការចុះកិច្ចសន្យា។ ប៉ុន្តែរយៈពេល០៦ខែ រដ្ឋបាលក្រុងបានណែនាំឲ្យលោក ជា គួង ធ្វើការផ្ដល់របាយការណ៍ទាំង៧ចំណុចនេះ បែជាលោក ជា គង់ ធ្វើមិនបានទេ។
លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានបន្ថែមថាក្រោយពីការណែនាំហើយ រដ្ឋបាលក្រុងបានធ្វើលិខិតផ្លូវការជូន លោក ជា គួង ចំនួន០៣លើក ក្នុងឆ្នាំ២០១៩ ប៉ុន្តែលោកនូវតែមិនបន្តផ្ដល់ឯកសារអ្វីទាំងអស់។ ដូចនេះការផ្ដល់សេវារបស់លោក ជា គួង អត់មានកិច្ចសន្យាផ្លូវការណាមួយទេ រហូតដល់ឆ្នាំ២០២២ រយៈពេល០៣ឆ្នាំ រដ្ឋបាលក្រុងបានធ្វើលិខិតជូនលោកចំនួន០៣លើកទៀត ដើម្បីកុំឲ្យធ្វើអាជីវកម្មខុសច្បាប់នូវតែបន្តធ្វើគ្មានវិធានការ និងគ្មានគោលការណ៍ ហើយស្របជាមួយបងប្អូនប្រជាពលរដ្ឋមានការត្អូញត្អែរអំពីការកកស្ទៈសំរាម និងថងប្លាស្ទិចជាដើម។
លោកអភិបាលក្រុងស្ទឹងត្រែងបញ្ជាក់ថា ចុងក្រោយលើកទី៣ បន្ទាប់ពីរដ្ឋបាលក្រុងបានធ្វើការងាររបស់លោក ជា គួង ក្នុងខែមីនា ឆ្នាំ២០២២ លោក ជា គួង បានធ្វើរបាយការណ៍ឲ្យរដ្ឋបាលក្រុងដែលបានស្នើសុំ ប៉ុន្តែរបាយការណ៍ទាំងអស់មិនសុីគ្នាជាមួយភាពជាក់ស្ដែងទេ ទើបរដ្ឋបាលក្រុងបានធ្វើលិខិតជូនដំណឹងឈានដល់ការបញ្ឈប់លោក ជា គួង ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ តាមនីតិវិធីរបស់រដ្ឋបាល៕