សម្តេចធិបតី៖ មិនបាច់មានទិវាសន្តិភាពទេ ទិវាបញ្ចប់សង្គ្រាម និងបង្រួបបង្រួមទឹកដីនេះហើយ ដែលអត្ថន័យជា ទិវាសន្តិភាព
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ច្បាស់ៗថា មិនបាច់មានទិវាសន្តិភាទេ ទិវាបញ្ចប់សង្គ្រាម និងបង្រួបបង្រួមទឹកដីនេះ គឺមានអត្ថន័យជាទិវាសន្តិភាពស្រាប់ហើយ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ សម្ដេចធិបតី មានប្រសាសន៍ កម្ពុជា នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ នៃការសម្រេចបាននូវនយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៣) ។
សម្ដេចធិបតីថ្លែងថា «ថ្ងៃមុនមានគេលើកយោបល់ថា គួរតែមានទិវាសន្តិភាព ខ្ញុំថាមិនបាច់មានទិវាសន្តិភាពទេ ទិវាបញ្ចប់សង្គ្រាមនិងបង្រួបបង្រួមទឹកដីនេះហើយ ដែលអត្ថន័យវាគឺទិវាសន្តិភាព»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ប្រទេសកម្ពុជាគ្រប់ទីកន្លែងគឺសុទ្ធតែធ្លាប់រងទុក្ខដោយសារសង្គ្រាម ប្រជាពលរដ្ឋរស់នៅវេទនាជូរចត់កាលពីជំនាន់ខ្មែរក្រហម។ នេះគឺជាសច្ចភាពនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលយើងគ្រប់គ្នាត្រូវចងចាំ និងត្រូវជៀសវាងកុំឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់នោះត្រឡប់មកកើតមានម្ដងទៀត ៕