អភិបាលខេត្តបាត់ដំបង ប្រជុំផ្សព្វផ្សាយទម្រង់គំរូរបាយការណ៍អំពីការអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការនិងមន្ត្រីចុះកិច្ចសន្យានិងទម្រង់គំរូនៃរបាយការណ៍អំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តមន្រ្ដីរាជការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយទម្រង់គំរូរបាយការណ៍អំពីការអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការនិងមន្ត្រីចុះកិច្ចសន្យានិងទម្រង់គំរូនៃរបាយការណ៍អំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តមន្រ្ដីរាជការនៅរដ្ឋបាល ក្រុងស្រុក ក្នុងខេត្តបាត់ដំបង នៅសាលប្រជុំអាគារE សាលាខេត្តបាត់ដំបង ។
នាឱកាសនោះដែរ ឯកឧត្តម សុខ លូ បានធ្វើការណែនាំដល់ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ត្រូវតែពង្រឹងបន្តបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងការពង្រឹងសមត្ថភាពមន្រ្ដី ពង្រឹងការស្រង់យកវត្តមានមន្រ្ដី ដើម្បីផ្ដល់ជូននូវការលើកទឹកចិត្តដល់មន្រ្ដីដែលបានបំពេញ កាតព្វកិច្ចរបស់ខ្លួនបានល្អប្រសើរ ។
ឯកឧត្តមបានណែនាំ និងស្នើឱ្យមានការសិក្សានូវការប្រើប្រាស់ប្រព័ន្ធដកស្រង់បញ្ជីវត្តមានតាមបែបឌីជីថល ដែលសព្វថ្ងៃនេះប្រព័ន្ធឌីជីថល ដើរតួនាទីយ៉ាងសំខាន់សម្រាប់បច្ចុប្បន្ន វាបានផ្ដល់នូវភាពងាយស្រួល ច្បាស់លាស់ និងមានភាពរហ័សថែមទៀត ងាយស្រួលក្នុងការសម្រង់យកវត្តមានមន្រ្ដីរាជការគ្រប់ស្ថាប័ន ម្យ៉ាងទៀតការប្រើប្រាស់ប្រព័ន្ធឌីជីថល ក៏សាកសមទៅនឹងការដើរទាន់នូវយុគសម័យថ្មីនេះផងដែរ៕