ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ផ្តល់គោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗចំនួន១៣ ដើម្បីឱ្យរដ្ឋបាលខេត្តយកទៅអនុវត្តសម្រាប់ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានផ្តល់គោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗចំនួន១៣ ដើម្បីឱ្យរដ្ឋបាលខេត្តយកទៅអនុវត្តសម្រាប់ឆ្នាំ២០២៤ ដើម្បីឱ្យការសម្រេចបានលទ្ធផលល្អ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ឯកឧត្តម ផៃ ប៊ុនឈឿន បានឱ្យដឹងថាឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់និងវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យ កាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យ ក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ឯកឧត្ដមបន្ថែមថា អាស្រ័យ ហេតុនេះ ពាក់ព័ន្ធនឹងការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្ដមផ្តល់គោល ការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. ការការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឱ្យបានរឹងមាំ ដែលមានកងកម្លាំងនគរបាលជាតិ និងកងម្លាំងយោធាជាស្នូល និងជាបង្អែករបស់ប្រជាជនលើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទ ល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសបច្ចេកវិទ្យា បទល្មើសគ្រឿងញៀនខុសច្បាប់ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងរួមចំណែកការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និង បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីរក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រឆាំងរាល់សកម្មភាពដែលលួចឆ្លៀតឱកាសប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានប្រឆាំងប្រទេសជិតខាង។ ជាមួយគ្នានេះ ក៏ត្រូវយកចិត្តដាក់ដល់ការពង្រឹងសុវត្ថិភាព ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
២. ការរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង ធានាប្រក្រតីកម្មស្ថាប័នជាតិ ធានាសុវត្ថិភាពជូន ឥស្សរជនជាន់ខ្ពស់ជាតិ អន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍នយោបាយជាតិ តំបន់ និងអន្តរជាតិដែល ធ្វើឡើងនៅកម្ពុជា ទប់ស្កាត់ការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ឬការបង្កើតតំបន់អបគមន៍ ព្រមទាំងប្រឆាំងរាល់ឧបាយកលសកម្មភាពនៃការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែល ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។
៣. បន្តជំរុញចលនាអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីលើកកម្ពស់ការចូលរួមបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត។ ជាមួយគ្នានេះ ត្រូវបន្តលើកកម្ពស់សមត្ថភាពក្នុងការបំពេញតួនាទីរបស់នគរបាលប៉ុស្តិ៍ រដ្ឋបាលក្នុងការបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋប្រកបដោយមនសិការវិជ្ជាជីវៈ និងភក្ដីភាព ព្រមទាំង បន្តឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ លើកទឹកចិត្តដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងចលនាប្រជា ការពារតាមឃុំ សង្កាត់ ភូមិ ដែលជាកម្លាំងនៅកៀកជាប់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន និងជា ចលករដ៏សំខាន់ក្នុងការបំផុសចលនាប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”។
៤. បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសសកម្មភាពលួច ឆក់ ប្លន់ ការ ប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ការជំរិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពក្មេងទំនើងជាដើម ព្រមទាំងគិត គួរត្រៀមវិធានការ និងមធ្យោបាយនានាក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសនៅតាមសំណង់អាគារ ខ្ពស់ៗ រោងចក្រ សហគ្រាស ផ្សារ និងផ្ទះសំបែងប្រជាពលរដ្ឋ។
៥. ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្អែកតាមផែនការយុទ្ធសាស្ត្រទសវត្សរ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក កងកម្លាំងនគរបាលចរាចរណ៍ត្រូវធ្វើប្រតិបត្តិការរឹតបណ្ដឹងការអនុវត្ត ច្បាប់ចរាចរណ៍ ដោយមិនត្រូវមានការយោគយល់ និងលើកលែង រួមជាមួយនឹងការអនុវត្តវិធានការ ពិន័យឱ្យបានតឹងរឹងនិងវិធានការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ពិសេសស្រទាប់យុវជនដោយ សហការជាមួយគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន បង្កើនការរៀបចំស្លាកសញ្ញាចរាចរណ៍ គំនូស ចរាចរណ៍ និងសណ្ដាប់ធ្នាប់តាមដងផ្លូវ តាមទីប្រជុំជននានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរ និងការពារអាយុជីវិតប្រជាពលរដ្ឋ។
៦.
ពង្រឹង និងលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ ស្របតាមគោលនយោបាយ កំណែទម្រង់ពន្ធនាគារ និងច្បាប់ពន្ធនាគារ ដើម្បីជំរុញ និងលើកកម្ពស់ការគ្រប់គ្រងជនជាប់ឃុំស្រប តាមស្តង់ដាបច្ចេកទេស ដែលធានាទាំងសន្តិសុខផ្លូវកាយ និងផ្លូវចិត្ត សុខភាព អនាម័យ និងសុវត្ថិភាព ក្នុងពន្ធនាគារ និងផ្តល់ការអប់រំ កែប្រែ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរដល់ទណ្ឌិត សំដៅលើកកម្ពស់ការធ្វើសមាហរណកម្មក្នុងសង្គម និងការចូលរួមបំពេញកាតព្វកិច្ចការងារដែលផ្តល់ ផលប្រយោជន៍ដល់សង្គម។
៧. លើកកម្ពស់ការផ្តល់សេវាសាធារណៈ ដោយត្រូវបន្តលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងកែលម្អស្ថាប័នសាធារណៈនៅ គ្រប់ថ្នាក់ឲ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាព ស្អាតស្អំ ជារដ្ឋបាលរបស់ប្រជាជនដើម្បីបម្រើ ផលប្រយោជន៍របស់ប្រជាជន។ ក្នុងន័យនេះ ចាំបាច់ត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការនានា គោលការណ៍ ស្តង់ដា បែបបទនិងនីតិវិធីនៃការផ្តល់សេវា ព្រមទាំងពង្រឹងភាពស្អាតស្អំ និងកាតព្វកិច្ច ទទួលខុសត្រូវរបស់មន្ត្រីគ្រប់ថ្នាក់ក្នុងការផ្តល់សេវានានាជូនប្រជាពលរដ្ឋ និងត្រូវដាក់ទណ្ឌកម្មវិន័យ និងវិធានការច្បាប់ចំពោះមន្ត្រីសាធារណៈដែលប្រព្រឹត្តអំពើពុករលួយ បំពានក្រមសីលធម៌វិជ្ជាជីវៈ ឬ រំលោភបំពានអំណាចក្នុងការអនុវត្តតួនាទីជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
៨. ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការកំណែទម្រង់នេះ គឺជាកំណែទម្រង់ដ៏មានសារៈសំខាន់ក្នុងកម្មវិធីកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចរបស់ រាជរដ្ឋាភិបាល ដែលតាមរយៈកំណែទម្រង់នេះបានលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នារបស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋាននីមួយៗ ដោយរាជរដ្ឋាភិបាលបានផ្តល់ភាពជាម្ចាស់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការធ្វើ សេចក្តីសម្រេចចិត្ត និងការទទួលខុសត្រូវក្នុងការផ្តល់សេវានានា និងការអភិវឌ្ឍនៅមូលដ្ឋាន ដោយមានការចូលរួមរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញអនុក្រឹត្យលេខ ២១៣ អនក្រ.បក ស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានរៀបចំពិធីផ្សព្វផ្សាយកាលពីថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ។ ការផ្ទេរមុខងារនេះគឺផ្អែកទៅលើមេរៀន បទពិសោធ និងលទ្ធផល សម្រេចបាននៅក្នុងការអនុវត្តសាកល្បងការផ្ទេរមុខងារចំនួន ០៦ ក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុកនៃខេត្តស្ទឹងត្រែងដែលបានចាប់ផ្តើមអនុវត្តកាលពីឆ្នាំ២០២០។ ត្រង់ចំណុច នេះ ខ្ញុំសូមសង្កត់ធ្ងន់ និងសូមស្នើដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹង ភាពជាម្ចាស់ក្នុងការអនុវត្តមុខងារដែលថ្នាក់ជាតិបានផ្ទេរ ស្របតាមគោលការណ៍ណែនាំដែលបាន កំណត់ ឱ្យសម្រេចបានលទ្ធផលល្អតាមការរំពឹងទុក។ ក្នុងករណីជួបបញ្ហាប្រឈម ឬមានតម្រូវការ ចាំបាច់ណាមួយ សូមធ្វើសេចក្តីរាយការណ៍លម្អិតមកក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីថ្នាក់ជាតិផ្តល់ការគាំទ្រ និងមានវិធានការដោះស្រាយទៅតាមករណី ជាក់ស្តែងឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ ខ្ញុំស្នើឱ្យរដ្ឋបាលខេត្តត្រូវបន្តពង្រឹងនិងលើកកម្ពស់ក្នុង ការគ្រប់គ្រង ដឹកនាំ និងចាត់ចែងអនុវត្តមុខងារក្នុងវិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពថែម ទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលស្តីពីការពង្រីកសេវាថែទាំ សុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពសកលឱ្យទទួលបានជោគជ័យ។
៩. ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងខេត្ត៖
-រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវន្ត និងអរូបវន្ត សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខ របរខ្នាតតូចរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវផ្ដៅការគិតគូលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលជាវិស័យដ៏ចម្បងរបស់ខេត្ត សំដៅបង្កើនការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ការកាត់ បន្ថយភាពក្រីក្រ ការជំរុញកំណើនសេដ្ឋកិច្ច និងជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ ម៉្យាងទៀត ត្រូវខិតខំទាក់ទាញ ការវិនិយោគ និងការបណ្តាក់ទុកប្រកបអាជីវកម្មនានាពីប្រភពក្នុង និងក្រៅប្រទេសស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសជាមួយខេត្ត ក្រុងសម្ព័ន្ធមេត្រីភាពនៃបណ្តាប្រទេសជាមិត្ត ព្រមទាំងខិតខំកៀរគរការចូលរួមថវិកា និងជំនួយបច្ចេកទេសពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដើម្បីចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្តបន្ថែមទៀត។
-ត្រូវពង្រឹងការរៀបចំនិងអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគ០៣ឆ្នាំ រំកិល និងការអនុវត្តគម្រោងប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អោយចំគោលដៅជា អាទិភាពរបស់រាជរដ្ឋាភិបាលនិងត្រូវស្របតាមច្បាប់ និងគោលការណ៍ណែនាំនានាជាធរមាន ដើម្បីធានាបាននូវគុណភាពគម្រោង សុចរិតភាព និងតម្លាភាព ព្រមទាំងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ មូលដ្ឋានពិតប្រាកដ។
-រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវខិតខំសហការសម្របសម្រួល និងគាំទ្រដល់ការរៀបចំរមណីយ ដ្ឋាន ទីតាំងទេសចរណ៍ និងរៀបចំក្រុង ស្រុកឱ្យមានសោភ័ណភាព មានភាពទាក់ទាញ បរិស្ថានអនាម័យ ស្អាត មានសណ្តាប់ធ្នាប់ ការប្រាស្រ័យទាក់ទងល្អរួសរាយរាក់ទាក់ បង្កើតផលិតផលទេសចរណ៍ថ្មីៗ បន្ថែមក្នុងមូលដ្ឋាន និងជំរុញលើកទឹកចិត្តឱ្យសហគមន៍មូលដ្ឋានចូលរួមឱ្យបានសកម្មលើការអភិវឌ្ឍ ទេសចរណ៍នៅហ្នឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេសឱ្យមកកំសាន្តកាន់តែ ច្រើនឡើង សំដៅបង្កើនប្រាក់ចំណូលគ្រួសារ និងការកាត់បន្ថយភាពក្រីក្រ។
-ស្របនឹងការរីកចម្រើនរបស់ប្រទេសជាតិ ទីក្រុង និងទីប្រជុំជននានានៅតាមបណ្ដាខេត្តក៏ កំពុងមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងនោះក៏កើតមានបញ្ហាប្រឈមនានាដែលចាំបាច់ ត្រូវគិតគូរអំពីវិធានការ និងរកដំណោះស្រាយលើបញ្ហាប្រឈមទាំងនោះ ដោយត្រូវគិតគូរពីការរៀបចំ និងអនុវត្តឱ្យបានត្រឹមត្រូវនូវប្លង់គោលអភិវឌ្ឍន៍ទីក្រុង ដើម្បីធានាឱ្យការអភិវឌ្ឍទីក្រុងមាននិរន្តរភាព សោភ័ណភាព មានភាពទាក់ទាញ មានភាពច្នៃប្រឌិត មានអនាម័យ បរិស្ថានរស់នៅល្អ និងមាន សណ្តាប់ធ្នាប់ដែលជាផ្នែកមួយសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងការវិនិ-យោគ។ ក្នុងនោះ ក៏ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមានដូចជាបញ្ហាសំណង់ បញ្ហាបណ្តាញលូទឹកកខ្វក់ បញ្ហា សំរាមនិងអនាម័យ បញ្ហាបណ្តាញទឹកស្អាតនិងអគ្គិសនី បញ្ហាសណ្តាប់ធ្នាប់ទីក្រុង។ល។
១០. ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន៖
-អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៅតាមតំបន់ព្រំដែនត្រូវខិតខំថែ រក្សាការពារបូរណភាព ទឹកដី និងអធិបតេយ្យភាពជាតិ ដើម្បីបន្តថែរក្សាស្ថិរភាពនៅតាមតំបន់ព្រំដែន សំដៅបន្តប្រែក្លាយតំបន់ព្រំដែនជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានការ អភិវឌ្ឍឥតឈប់ឈរ។
-សមត្ថកិច្ចឈរជើងប្រចាំច្រកទ្វារព្រំដែនត្រូវពង្រឹងនូវការគ្រប់គ្រង និងការត្រួតពិនិត្យការ ចេញចូលឆ្លងកាត់ព្រំដែនទាំងអ្នកដំណើរ ទំនិញ និងមធ្យោបាយ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជា ធរមាន ដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរពាណិជ្ជកម្ម ការទប់ស្កាត់ បទល្មើសនានាឆ្លងកាត់ព្រំដែនដូចជា សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការចរាចរជួញដូរគ្រឿង ញៀនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើសផ្សេងទៀត ព្រមទាំងការទប់ស្កាត់ការរីករាលដាល នូវជំងឺឆ្លងគ្រប់ប្រភេទចូលមកក្នុងប្រទេស ហើយត្រូវជៀសវាងដាច់ខាតការយកកម្រៃខុសច្បាប់ពីអ្នក ដំណើរ និងមធ្យោបាយដឹកជញ្ជូនតាមគ្រប់រូបភាពដែលចេញចូលឆ្លងកាត់ព្រំដែន។
-រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវជំរុញការផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋឱ្យប្រើប្រាស់ឯកសារឆ្លងដែនស្របច្បាប់រួមមានលិខិតឆ្លងដែន ឬប័ណ្ណព្រំដែន និងត្រូវចេញចូលឆ្លងកាត់ ព្រំដែនតាមច្រកទ្វារព្រំដែនស្របច្បាប់ ដើម្បីធានាការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងជៀសវាង ការចេញចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ដែលអាចប្រឈមនឹងហានិភ័យផ្សេងៗ។ ក្នុងនោះ រដ្ឋបាល ខេត្តក៏ត្រូវពង្រឹងយន្តការផ្តល់សេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ស្របទៅតាមគោលការណ៍ បែបបទ និងនីតិវិធី កំណត់ជាធរមាន។
១១. ការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លី៖
-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវពង្រឹងការថែរក្សាការពារធនធានធម្មជាតិ និងទ្រព្យ សម្បត្តិសាធារណៈ ដោយខិតខំលើក កម្ពស់វិធានការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ ការរុករកនិងធ្វើអាជីវកម្មរ៉ែ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ និងត្រូវរួម គ្នាបង្កើនការផ្សព្វផ្សាយអប់រំ និងបំផុសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងសហគមន៍នៅមូលដ្ឋាន ចូលរួមថែរក្សាការពារធនធានធម្មជាតិ ដីធ្លី និងទ្រព្យសម្បត្តិសាធារណៈដែលនៅសេសសល់ឱ្យបាន គង់វង្ស ដើម្បីអភិវឌ្ឍន៍សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។
-រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួមនិងផ្តល់កិច្ចសហការ ក្នុងការជម្រុញការចុះបញ្ជីដីធ្លីជា ប្រព័ន្ធជូនប្រជាពលរដ្ឋផ្អែកតាមគោលការណ៍និងការណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងត្រូវជំរុញការដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋានដែលបានកើតមានកន្លងមក ប្រកបដោយតម្លាភាព យុត្តធម៌ និងឆាប់រហ័ស និងខិតខំអប់រំ បង្ការ ទប់ស្កាត់មិនឱ្យកើតមាននូវ ទំនាស់ដីធ្លីថ្មីៗកើតមានតាមមូលដ្ឋាន។
១២. ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល៖
ក. ការអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទាំង០៦ របស់រាជរដ្ឋាភិបាល
ក្នុងកិច្ចប្រជុំនៃរដ្ឋសភានីតិកាលទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសអំពីការចាប់ផ្តើមអនុវត្តនូវកម្មវិធីគោលនយោបាយជាអាទិភាព ទាំង០៦ក្នុងឆ្នាំ២០២៣ ដែលរហូតមកទល់ពេលនេះ កម្មវិធីគោលនយោបាយអាទិភាពទាំងនេះត្រូវ បានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់រួចមកហើយដូចជាការអនុវត្តកម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារ ងាយរងហានិភ័យ កម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម កម្មវិធីជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ និងកម្មវិធីជាតិស្តីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន។ល។ ហេតុនេះ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងអង្គភាពជំនាញ ត្រូវចូលរួមសហការនិងគាំទ្រដល់អនុវត្តកម្មវិធីគោលនយោបាយទាំងនេះក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។
ខ.ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដើម្បីជម្រុញការកែទម្រង់រដ្ឋបាលសាធារណៈក្នុងការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពនិង សមទ្ធិកម្មក្នុងរដ្ឋបាលសាធារណៈតាមរយៈកែលំអប្រព័ន្ធជ្រើសរើសមន្ត្រីស៊ីវិល ការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមទ្ធិកម្មក្នុងរដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មាធិការជាតិជម្រុញការអនុវត្តវិធានការ គន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្នុងនោះមានឯកឧត្តមអភិបាលរាជធានី ខេត្តជា សមាជិកផងដែរ។ ពាក់ព័ន្ធនឹងករណីនេះ ខ្ញុំសូមស្នើដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្រូវពង្រឹងការ គ្រប់គ្រងចាត់ចែងមន្ត្រីរាជការ ការដំឡើងថ្នាក់ ឋានន្តរស័ក្ត និងការតែងតាំងមុខតំណែង ជាពិសេស ការប្រឡងជ្រើសរើសមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ត្រូវតែមានតម្លាភាព និងគណនេយ្យភាព មិនបក្សពួកនិយម និងគ្រួសារនិយមនោះឡើយ ដោយត្រូវគោរពឱ្យបានត្រឹម ត្រូវតាមព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងគោល ការណ៍ណែនាំនានាជាធរមាន ព្រមទាំងពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រីរាជការក្នុងការបំពេញការងារ ដាក់ពិន័យចំពោះមន្ត្រីប្រព្រឹត្តកំហុសឆ្គង និងផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារ បានល្អ មានសមត្ថភាព មានស្នាដៃ និងជំរុញការបណ្តុះបណ្តាលជំនាញ និងកសាងសមត្ថភាពដល់ មន្ត្រីរាជការឱ្យសមស្របទៅនឹងការវិវត្តនៃការងារ និងបច្ចេកវិទ្យាឌីជីថល។
១៣. ការពង្រឹងរបៀបរបបការងារ
-ការដឹកនាំនិងគ្រប់គ្រងរដ្ឋបាលខេត្ត មានតួអង្គសំខាន់ៗ០២ គឺក្រុមប្រឹក្សានិងគណៈអភិបាល ហើយត្រូវបំពេញតួនាទី ភារកិច្ចស្របតាមច្បាប់និងលិខិតបទដ្ឋានគត្តិយុត្តិជាធរមាន។ ដើម្បីអនុវត្តឱ្យ សម្រេចបានតាមតួនាទី ភារកិច្ចដែលកំណត់ដោយច្បាប់ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ត្រូវពង្រឹងរបៀប របបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សានិង អភិបាលត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលរបស់ខ្លួន។
-ទន្ទឹមនេះថ្នាក់ដឹកនាំនៅតាមអង្គភាពនីមួយៗ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹង របៀបរបបធ្វើការងារឱ្យបានល្អ គោរពឋានានុក្រម វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនេះ ត្រូវបង្កើន ទំនាក់ទំនង សហការគ្នាក្នុងការបំពេញការងារ និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ៕