រកឃើញរថយន្តHammer បុកម៉ូតូប្តីប្រពន្ធកូនប្រុស០៣នាក់ ស្លាប់០២នាក់ របួសធ្ងន់០១នាក់ នៅខណ្ឌដូនពេញ សមត្ថកិច្ចកំពុងបន្តស្វែងរកឃាត់ខ្លួនអ្នកបើកបង្ក
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីរថយន្ត Hammer បើកបុកមនុស្សស្លាប់២នាក់ម្តាយកូន និង០១នាក់ប្តីរងរបួសធ្ងន់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ រថយន្ដត្រូវបានសមត្ថកិច្ចរកឃើញហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៣នេះ និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បន្ដទៀត ដើម្បីស្វែងរកចាប់ខ្លួនអ្នកបើកបរមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា «ករណីរថយន្ដ Hammer បុកមនុស្ស២នាក់បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់០១នាក់នេះហើយរត់គេចខ្លួននោះ នៅពេលនេះកម្លាំងជំនាញសហការជាមួយកម្លាំងជំនាញព្រហទណ្ឌបានចេញស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុតទើបរកឃើញរថយន្តបង្កនិងស្វែងរកអ្នកបើកបរមកផ្ដន្ទាទោសតាមច្បាប់យ៉ាងបានម៉ឺងម៉ាត់បំផុត»។
ជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានផ្ញើសារអំពាវនាវដល់ជនបង្កដែលបើករថយន្ដបុកមនុស្សស្លាប់នេះ ឲ្យចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសនៅចំពោះមុខសមត្ថកិច្ច ខណៈសមត្ថកិច្ចរបស់លោកនឹងមិនដកដៃរាថយឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវស្វែងចាប់ខ្លួនឲ្យខាងតែបាន។
សូមជម្រាបថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ចំណែកភាគីរថយន្តបង្កមិនស្គាលម៉ាក (សង្ស័យរថយន្ដ Hammer) មិនចាំផ្លាកលេខ បើកបរទិសដៅស្របគ្នា បានបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង។
ក្នុងហេតុការណ៍នេះ បណ្ដាលប្រពន្ធឈ្មោះ គ្រួច សាមិត្ត អាយុ២០ឆ្នាំ ស្នាក់នៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនអាយុ២ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈប្ដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយឡែក រថយន្ដបង្កបានបើកគេចខ្លួនបាត់ស្រមោល ៕