ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ដែលខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ
ក្រចេះ ៖ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ដែលខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនិងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ពលរដ្ឋក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងខេត្តក្រចេះទាំងមូល។
នេះជាប្រសាសន៍កលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្របខេត្តក្រចេះ។
ឯកឧត្តមបានគូសបញ្ជាក់ថាការបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់និងតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំបានទទួលមកវិញជាមួយការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋដល់គណបក្សប្រជាជនកម្ពុជាតាមរយៈសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅគ្រប់ការបោះឆ្នោតដើម្បីរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស និងបម្រើជាតិនិងប្រជាជន អភិវឌ្ឍឱ្យរីកចម្រើនរុងរឿងកាន់តែខ្លាំងឡើង។
ឯកឧត្តមបានលើកឡើងថាសមិទ្ធផលដែលរដ្ឋបាលខេត្តក្រចេះសម្រេចបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៦ ដឹកនាំប្រកបដោយទេពកោសល្យ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍ ប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ«កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូន ប្រជាពលរដ្ឋ ក្នុងទូទាំងខេត្ត៕