ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចែកអំណោយជូនពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងគ្រួសាររងផលប៉ះពាល់ពីគ្រោះធម្មជាតិឆ្នាំ២០២៣ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងគ្រួសាររងផលប៉ះពាល់ពីគ្រោះធម្មជាតិឆ្នាំ២០២៣ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
តាមរយៈរបាយការណ៍ថ្លែងក្នុងពិធីនេះ លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង បានរាយការណ៍អំពីស្ថានភាពរបស់មុខសញ្ញា និងការដោះស្រាយគោលនយោបាយ របស់ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា មានដូចជា៖
១. ការគ្រប់គ្រងមុខសញ្ញា
គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មុខសញ្ញាគ្រប់ប្រភេទ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សរុបចំនួន ១.៧១៦នាក់ និងអ្នកនៅក្នុងបន្ទុក ២.៣០៧នាក់ ហើយបានបែងចែកការ គ្រប់គ្រងចេញជាពីរផ្នែកគឺ៖
ក-ផ្នែកបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)
គ្រប់គ្រងអតីតកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ ចូលសោធននិវត្តន៍ បាត់បង់សមត្ថភាពការងារ ជនពិការ គ្រួសារជនពលីនិងគ្រួសារជនមរណៈ សរុបចំនួន ១.៣៣១នាក់ និងអ្នកនៅក្នុងបន្ទុក ១.៨៩៩នាក់
ខ-ផ្នែកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវីល (ប.ជ.ស)
គ្រប់គ្រងអតីតមន្ត្រីរាជការស៊ីវិល ចូលសោធននិវត្តន៍ សោធនបាត់បង់ សម្បទាវិជ្ជាជីវៈ កូនកំព្រាពីសពមន្ត្រីរាជការស៊ីវិល អ្នកនៅក្នុងបន្ទុកនៃសពនិវត្តជន និងអ្នកនៅក្នុងបន្ទុកនៃសពជនបាត់បង់សម្បទាវិជ្ជាជីវៈ សរុបមានចំនួន ៣៨៥នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ៤០៨នាក់ ហើយបេឡាជាតិទាំងពីរនេះ (ប.ជ.អ និង ប.ជ.ស) បានដាក់ឲ្យដំណើរការបើកផ្តល់ប្រាក់ឧបត្ថម្ភគោល នយោបាយប្រចាំខែរបស់ខ្លួនតាមប្រព័ន្ធធនាគារដៃគូរផងដែរ។
២-ការលើកកម្ពស់ប្រព័ន្ធជំនួយសង្គម
ក. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ដែលមានប័ណ្ណ សមធម៌ក្នុងរយៈពេលកន្លងមក មានស្ត្រីនិងកុមារបានមកចុះឈ្មោះនៅសាលា ឃុំសង្កាត់សរុបចំនួន ៣.៧៥៨នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន ២.៩៣៥នាក់ កុមារចំនួន ២៥០នាក់ និងស្ត្រីសម្រាលកូនចំនួន ៥៧៣នាក់ ដែលត្រូវចំណាយថវិកាស្មើនឹង ១,៨៣០,៨០០,០០០រៀល។
គ. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានីភ័យ ពេលមានសម្ពាធអតិផរណា
ផ្អែកតាមភាពមិនច្បាស់លាស់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បណ្តាលឲ្យមានការកើនឡើងនូវថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទន្ទឹមនេះដែរប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់មួយចំនួនបានទទួល រងផលប៉ះពាល់ពីទឹកជំនន់ធ្វើឲ្យមានការលិចលង់ខូចខាតផ្ទះសម្បែងផលដំណាំ ហេដ្ឋារេចនាសម្ព័ន្ធនៅមូលដ្ឋាន បានជះឥទ្ធិពលកាន់តែខ្លាំងឡើងដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងស្ថានការដ៏លំបាកនេះ រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរង ហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាជូនគ្រួសារងាយរងហានិភ័យ ក្នុងខេត្តស្ទឹងត្រែងសរុបចំនួន ៤,៣៩៦គ្រួសារ ដែលត្រូវចំណាយថវិកាស្មើនឹង ៦២៣,១៥៩,៦០០រៀល
៣-ការដោះស្រាយគោលនយោបាយ
មន្ទីរបានយកចិត្តទុកដាក់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំការអនុវត្ត របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កន្លងមកមានជាអាទិ៍៖
-ការបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយរៀងរាល់២សប្តាហ៍ខែនីមួយៗ ជូនសិទ្ធិវ័ន្តបានទាន់ពេលវេលា ប្រកបដោយតម្លាភាព គណនេយ្យភាព និងមាន ប្រសិទ្ធិភាព តាមប្រព័ន្ធធនាគារដៃគូរ។
-សហការជាមួយសមាគមអតីតយុទ្ធជន ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារ សព សមាជិក (ស.អ.ក) ១៣នាក់ ស្មើទឹកប្រាក់ ៥២លានរៀល។
-ផ្តល់ប្រាក់គោលនយោបាយធានារ៉ាប់រងសង្គម និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ជូនគ្រួសារ សព អតីតយុទ្ធជនចំនួន ១៦នាក់ ស្មើទឹកប្រាក់ ១១៤,៥០៣,២៨០រៀល។
-ផ្តល់ប្រាករបបសន្តិសុខសង្គម១២ខែជូនគ្រួសារ សព និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៥នាក់ ស្មើទី ៤០,៨០០,០០០រៀល។
-ជនចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងគ្រួសាររងផលប៉ះពាល់ ពីគ្រោះធម្មជាតិ សរុបប្រមាណ ៨១៥គ្រួសារ មកពីស្រុកថាឡាបរិវ៉ាត់ ក្រុងស្ទឹងត្រែង និងស្រុកសៀមប៉ាង បានទទួលអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាក់ស្តែងសម្រាប់ថ្ងៃនេះ ផ្ទាល់ប្រជាពលរដ្ឋសរុបប្រមាណ ៤០៥គ្រួសារ មកពីឃុំព្រះរំកិល និងឃុំអូរស្វាយ នៃរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ក៏ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាលដែលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំឡើងតាមរយៈឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងផងដែរ ៕