ឯកឧត្តម ស្វាយ សំអ៊ាង ណែនាំដល់រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ថែទាំសួនច្បារបរិវេនស្តូបអនុស្សាវរីយ៍តម្កល់ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ ឱ្យមានសោភ័ណភាពល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ត្រូវថែទាំសួនច្បារ ដាំស្មៅ ហើយត្រូវថែទាំជាប្រចាំក្នុងបរិវេនស្តូបអនុស្សាវរីយ៍តម្កល់ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ ឱ្យមានសោភ័ណភាពល្អ ដើម្បីឱ្យប្រជាពលរដ្ឋមកហាត់ប្រាណ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាលេងកម្សាន្ត។
ឯកឧត្ដមបានណែនាំបែបនេះក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យស្តូបអនុស្សាវរីយ៍ដែលកសាងឡើងដោយ ព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងអំឡុងឆ្នាំ១៩៦៦ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ បានទទួលព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នូវការជួសជុលស្តូបអនុស្សាវរីយ៍តម្កល់ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ សាងសង់នូវអគារសិក្សា ១ខ្នង មាន ៦បន្ទប់ អាគារបណ្ណាល័យ ១ខ្នង ២បន្ទប់ បន្ទប់អនាម័យ ១ខ្នង មាន ៤បន្ទប់ សង់អំពីថ្ម ប្រក់ក្បឿង ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ និងបានសាងសង់នូវអគារមណ្ឌលសុខភាព ១កន្លែង អាគាររងចាំ សម្រាល ១ខ្នង។
បន្ថែមពីលើនេះរដ្ឋបាលស្រុក ក៏បានទទួលជំនួយឧបត្ថម្ភពីអង្គការក្លែនអន្តរជាតិនូវការសាងសង់ស្ថានីយ៍ផលិត និងចែកចាយទឹកស្អាត ១កន្លែង តាមរយៈអង្គការវឌ្ឍនភាព ស្ថិតក្នុងភូមិកណ្តាល ឃុំ ព្រះរំកិល ចំណាយថវិកាសរុប ១០៧,៩០៦.៧៨ដុល្លារ (មួយរយប្រាំពីរពាន់ ប្រាំបួនរយប្រាំមួយដុល្លារ និង ចិតសិបប្រាំបីសេន)។ ឧបត្ថម្ភការសាងសង់អគារមណ្ឌលសុខភាព១ខ្នង ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ (បានសម្ពោធដាក់ឱ្យប្រើប្រាស់រួចរាល់) និងឧបត្ថម្ភការសាងសង់អគារវិទ្យាល័យបុរីអូរស្វាយសែនជ័យ ១ខ្នង ក្លោងទ្វារ និងរបងព័ទ្ធជុំវិញ តារាងបាល់ទាត់ និងបាល់ទះ បាល់បោះ ព្រមទាំងការសង់បន្ទប់អនាម័យចំនួន ១៧កន្លែង ដែលកំពុងធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ៕