សម្តេចតេជោ ហ៊ុន សែន៖ បើកម្ពុជាមិនឱ្យនាវា Westerdam ចូលចតតើជីវិតមនុស្សនៅលើនាវានិងទៅជាយ៉ាងណា?
ភ្នុំពេញ៖ អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចោទសួរពួកតាំងខ្លួនជាបិតាសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យថា ប្រសិនបើកម្ពុជាមិនឱ្យនាវា Westerdam ចូលចតកាលពីជិតបួនឆ្នាំ មុនទេ តើជីវិតមនុស្សដែលនៅលើនាវាដ៏ធំមួយនេះប៉ុន្មាននាក់ទៅដែលបានស្លាប់ និងរស់?។
តាមរយៈឆាណែលតេក្រាម និងហ្វេសបុក នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភ្ញៀវទេសចររាំលេងនៅលើនាវា Westerdam ដែលវិលត្រឡប់មកកម្ពុជាសារជាថ្មីបន្ទាប់ពីចូលចតនាខែកុម្ភៈ ឆ្នាំ ២០២០ គ្រាដែលជងឺកូវីដ-១៩ កំពុងរាតត្បាតពេញសកលលោក ដែលធ្វើឱ្យប្រទេសមួយចំនួនមិនហ៊ានឱ្យនាវានេះចូលចត។
សម្ដេចបានចោទសួរថា “ពេលនោះប្រសិនកម្ពុជាមិនឱ្យនាវានេះចូលចតតើជីវិតមនុស្សនៅលើ វានានេះទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាននៅរស់ប៉ុន្មាន?»។ សម្តេចបន្ថែមទៀតថា«ខ្ញុំចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធមនុស្សនិងលទ្ធិប្រជាធិបតេយ្យឆ្លើយជាមួយសំណួរនេះ។ សម្រាប់ខ្ញុំពីដើមដល់ចប់សិទ្ធិរស់រានមានជីវិតគឺជាចំណុចសំខាន់ជាងគេព្រោះបើស្លាប់ទៅហើយតើមានសិទ្ធ និងប្រជាធិបតេយ្យអ្វីទៀត”៕