ឯកឧត្ដម ស្វាយ សំអ៊ាង៖ ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បម្រើសេវាជូនប្រជាពលរដ្ឋបានជាង១ម៉ឺន ៧ពាន់សេវា
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំ២០២៣នេះ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន ១៧.៦៦៧ សេវា ដែលប្រមូលថវិកាបានចំនួនសរុប ៨៩៧លានរៀល។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន Hotnews Asia នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដម អភិបាលខេត្តបានឲ្យដឹងថា ទន្ទឹមនឹងការិយាល័យច្រកចេញតែមួយថ្នាក់ក្រុង ស្រុកទាំងអស់ ដែលបាននឹងកំពុងដំណើរការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនោះ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលសាលាខេត្តស្ទឹងត្រែង ក៏កំពុងតែមមាញឹកណាស់ដែរ។
ឯកឧត្ដមបន្តថា ក្នុងចំណោមសេវា ដែលអង្គភាពច្រកចេញចូលតែមួយខេត្តស្ទឹងត្រែង ទទួលបន្ទុកផ្ដល់ជូនប្រជាពលរដ្ឋនោះ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឈរនៅលំដាប់វិស័យទទួលការស្នើសុំសេវាពីប្រជាពលរដ្ឋបានច្រើនជាងគេ មានរហូតដល់ទៅ ១៣.៩៣៤សេវា ។
ឯកឧត្ដម ស្វាយ សំអ៊ាង បន្ថែមថា វិស័យបន្ទាប់ដែលអង្គភាពច្រកចេញចូលតែមួយខេត្តបានផ្ដល់ជូនប្រជាពលរដ្ឋបានច្រើនដែរនោះ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី មានចំនួន ១.៦៨៣សេវា និងវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានប្រមាណជិតមានចំនួន ៤១៩សេវា។
ឯកឧត្ដម បានឲ្យដឹងទៀតថា អង្គភាពច្រកចេញចូលតែមួយខេត្តស្ទឹងត្រែង ទទួលបន្ទុកផ្ដល់សេវាជូនប្រជាពលរដ្ឋ ចំនួន ១៤ វិស័យ រួមមាន ការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល សុខាភិបាល ទេសចរណ៍ សាធារណការ និងដឹកជញ្ជូន វប្បធម៌ និងវិចិត្រសិល្បៈ ព័ត៌មាន បរិស្ថាន ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រ៉ែ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឯកឧត្ដមអភិបាលខេត្តបន្ថែមថា សេវាដែលរដ្ឋបាលខេត្ត ក៏ដូចជាអង្គភាពច្រកចេញចូលតែមួយ ដែលបានផ្ដល់គឺមាន ១៤វិស័យ ក្នុងនោះរដ្ឋបាលខេត្ត បានផ្តល់ជូន ១១វិស័យ មានដូចជា៖ វិស័យនីត្យានុកូលកម្ម បានចំនួន ៩៩សេវា, សេវារដ្ឋបាល បានចំនួន ១,៣០៦សេវា, សេវាសុខាភិបាល បានចំនួន ១២សេវា, សេវាទេសចរណ៍ បានចំនួន ២៨សេវា, សេវាសាធារណការ និងដឹកជញ្ជូន បានចំនួន ៤១៩សេវា, សេវាព័ត៌មាន បានចំនួន ៧៥សេវា, សេវាឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ បានចំនួន ៤២សេវា, សេវារ៉ែ និងថាមពល បានចំនួន ៩សេវា, សេវារៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចំនួន ១,៦៨៣សេវា, សេវាកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចំនួន ១៣,៩៣៤សេវា និងសេវាវិស័យការងារ បានចំនួន ៦៩សេវា។ ក្រៅពីនោះនៅមាន ៣សេវាទៀតដែលប្រជាពលរដ្ឋមិនបានស្នើសុំសេវានោះមានដូចជា៖ វិស័យពាណិជ្ជកម្ម, វិស័យវប្បធម៌ និងវិស័យបរិស្ថាន៕