ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្ទឹងត្រែង ចុះវាស់វែងក្បាលដីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋបានជិត ៥ម៉ឺនក្បាលដី និងចេញប័ណ្ណបានជាង ៣ម៉ឺនប័ណ្ណ
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ រដ្ឋបាលខេត្តបានធ្វើការចុះវាស់វែងក្បាលដីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋបានចំនួន ៤៩,៤៩៩ក្បាលដី ក្នុងនោះរដ្ឋបាលខេត្ត បានចេញប័ណ្ណចំនួន ៣២,៧៨៥ប័ណ្ណ និងចែកជូនដល់ប្រជាពលរដ្ឋបានចំនួន ២៧,៨២០ប័ណ្ណ ហើយរដ្ឋបាលខេត្តកំពុងតែបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងបន្តរៀបចំផែនការដើម្បីចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធ ឬជាលក្ខណៈដាច់ដោយដុំនេះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន Hotnews Asia នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជំរុញការអនុវត្តការផ្តល់និងការចុះបញ្ជីដីធ្លីរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវខិតខំជំរុញសេវាការចុះបញ្ជីឲ្យបានសម្រេចនៅក្នុងឆាំ២០២៥។
ឯកឧត្តមអភិបាលខេត្ត បានជំរុញទៅដល់តាមបណ្តាស្រុកដទៃទៀត តាមផែនការរបស់មន្ទីររៀបចំដែនដីក្នុងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាប្រមាណជាង១០០នាក់ទៀតដើម្បីយកមកបណ្ដុះបណ្ដាលឲ្យមានជំនាញសម្រាប់ចុះទៅធ្វើការវាស់វែងស្រង់ទិន្នន័យដើម្បីចុះក្បាលដីជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ឲ្យបានសម្រេចជោគជ័យតាមផែនការដែលដែលក្រសួងបានចេញ ឬក៏ជាការជំរុញការចុះបញ្ជីដីធ្លីទាំងសាធារណៈរបស់រដ្ឋ និងឯកជនរបស់រដ្ឋ រួមទាំងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋឲ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត៕