ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងចូលរួមប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាលភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំ បូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាលភូមិ-ឃុំសង្កាត់មានសុវត្ថិភាពឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ- ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក ការិយាល័យជំនាញ អធិការនគរបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៦៧ ។
ក្នុងកម្មវិធីប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាលភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នេះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការក៏បានឡើងធ្វើបទអន្តរាគមន៍ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ជាមួយនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ក្នុងឆ្នាំ២០២៣នេះនគរបាលប៉ុស្តិ៍រដ្ឋបាលដែលជាប់ចំណាត់ថ្នាក់ក្នុងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺលេខ១ មាន៥៨ ប៉ុស្តិ៍, លេខ២ចំនួន០៨ប៉ុស្តិ៍និងលេខ៣ខំនួន០១ប៉ុស្តិ៍ បើប្រៀបឆ្នាំមុនលេខ១ កើនចំនួន០៤ ។
ក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល លើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាព ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែចាត់ទុកសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេស និងកំណែទម្រង់រដ្ឋ ដែលក្នុងនោះកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ គឺជាគ្រឹះដ៏រឹងមាំក្នុងការគាំទ្រដល់សកម្មភាពទាំងនេះ។
ឯកឧត្តម បន្តថា គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅតែជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ដោះស្រាយវិបត្តិសង្គម ដែលតែងតែកើតមានឡើងជារៀងរាល់ថ្ងៃនៅក្នុងមូលដ្ឋាន និងចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផ្ទាល់ប្រចាំថ្ងៃ ដើម្បីបង្កបាននូវសេចក្តីសុខក្សេមក្សាន្តជូនដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានរបស់យើង ។
បន្ទាប់មកគណៈអធិបតីក៏បានបានប្រគល់ប័ណ្ណសរសើរ ដល់ សាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ក្រុង ស្រុកទាំង០៩ លោកអធិការក្រុង ស្រុក លោកនាយប៉ុស្តិ៍ទាំង កងរាជអាវុធហត្ត និងមេឃុំចៅសង្កាត់ផងដែរ ៕