សម្តេចធិបតី លើកទឹកចិត្ដឲ្យបន្ដស្រាវជ្រាវចងក្រង ឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះ-ឈ្នះ និងដំណើរការពាក់ព័ន្ធការស្វែងរកសន្ដិភាព និងការបញ្ចប់សង្គ្រាមនៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងលើកទឹកចិត្ដឲ្យមានការបន្ដស្រាវជ្រាវចងក្រង នូវឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះ-ឈ្នះ និងដំណើរការពាក់ព័ន្ធនឹងការស្វែងរកសន្ដិភាព និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ។
ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យបន្តផ្សព្វផ្សាយ ខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ តាមរយៈការធ្វើសិក្ខាសាលាវេទិកាផ្សេងៗ ក៏ដូចជាបញ្ជ្រាបខ្លឹមសារប្រវត្ដិសាស្ដ្រពាក់ព័ន្ធនឹងនយោបាយ ឈ្នះ-ឈ្នះ ចូលនៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យសិស្សានុសិស្ស បានយល់កាន់តែស៊ីជម្រៅ និងស្គាល់តម្លៃ នៃនយោបាយឈ្នះ-ឈ្នះ។
សម្តេចធិបតី បានណែនាំឲ្យបន្តស្រាវជ្រាវ និងរៀបចំវិមានឈ្នះ-ឈ្នះ នៅតាមបណ្ដាតំបន់សំខាន់ៗ ក៏ដូចជា រៀបចំតំបន់ប្រវិត្ដសាស្ដ្រយោធាសំខាន់ៗមួយចំនួន ដែលមានតម្លៃសំខាន់ជាប្រវត្ដិសាស្ដ្រ សម្រាប់ជាតឹកតាងប្រវិត្ដសាស្ដ្រ និងសម្រាប់ការធ្វើទស្សនកិច្ចសិក្សា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យយកចិត្ដទុកដាក់ ក្នុងការកៀរគរ និងស្វែងរកដៃគូ ក្នុងការកសាងថែទាំវិមានឈ្នះ-ឈ្នះ ដែលជានិមិត្តរូប នៃសន្តិភាពរបស់ប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បណ្តាសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ដើម្បីចូលរួម គាំទ្រដល់កិច្ចការងារនេះបន្តទៀត ៕