ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស ចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៤ ដែលនឹងចូលមកដល់ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ។
សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ពិសិដ្ឋថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាល ព្រះអង្គតែងសព្វព្រះរាជហឫទ័យ យកអស់ព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជបេសកកម្ម និងព្រះរាជបូជនកិច្ច ក្នុងបុព្វហេតុដ៏ឧត្តង្គឧត្តមនៃជាតិមាតុភូមិ ដោយធានាបានរឹងមាំនូវឯករាជ្យ ឯកភាពជាតិ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។
នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់នៃសុខសន្តិភាព វិបុលភាព និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជារាស្ត្រខ្មែរ បានរស់នៅដោយត្រជាក់ត្រជុំសុខដុម ដុមរមនាជានិរន្តរ៍តរៀងទៅ ។
សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់ព្រះមេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ ៕