ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៤ ដែលនឹងចូលមកដល់ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ខ្ញុំសូមអនុញ្ញាតចូលរួមសម្តែងអំណរសាទរ ប្រកបដោយសេចក្តីសោមនស្សក្រៃលែងជូនចំពោះ សម្តេចមហាបវធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឈានទៅសម្រេចបានសមិទ្ធផលសំខាន់ៗ និងអាទិភាពនានា ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ សំដៅបន្តថែរក្សាគង់វង្សនូវសុខសន្តិភាព និងធានាបានរឹងមាំនូវស្ថិរភាពជាតិ បម្រើដល់ការអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។
សូម សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មេត្តាទទួលនូវភារវកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំ។