ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យកម្លាំងស្រាវជ្រាវស្វែងរកអ្នកបើកថយន្ត Ford បុកម៉ូតូ បណ្តាលឱ្យរងរបួស នៅខណ្ឌសែនសុខ
ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឱ្យចូលខ្លួនមកសារភាព និងដោះស្រាយ ករណីបុកម៉ូតូបណ្តាលឱ្យរងរបួសស្រាល នៅខណ្ឌសែនសុខ។
យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford បើកបុកម៉ូតូ បណ្តាលឱ្យជនរងគ្រោះរងរបួសស្រាល ប៉ុន្តែក្នុងហេតុការណ៍នោះឃើញម្ចាស់រថយន្តបាត់បង់គុណធម៌ឃើញជនរងគ្រោះដួលហើយមានចេតនាចង់បុក បន្ថែមទៅលើជនរងគ្រោះហើយបើកគេចខ្លួន។ ហេតុការណ៍កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បន្ទាប់ពីហេតុការណ៍កើតឡើង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឱ្យចូលខ្លួនមកសារភាព និងដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះចំពោះមុខសមត្ថកិច្ច និងអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យម្ចាស់រថយន្ត Ford ភ្ញាក់រលឹកចូលខ្លួនមកដោះស្រាយចំពោះមុខសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី៕