រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវថែរក្សាសុខសន្តិភាពជាចម្បង បើមានសន្តិភាព យើងមានឱកាសអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តត្រឡាច ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះត្រួតពិនិត្យការស្តារផ្លូវក្រាលក្រួសសមួយខ្សែប្រវែង ២,២៧០ម៉ែត្រ និងបានជួយឈូសឆាយកៀរសម្រួលផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងចំនួន ៣ខ្សែ ក្នុងឃុំត្រឡាច ស្រុកទ្រាំង ប្រវែងសរុប ១,៩០០ម៉ែត្រ។
អមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី មាន ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។
ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រឡាញ់ នឹករលឹក និងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧ភូមិ នៅឃុំត្រឡាច ក៏ដូចជានៅទូទាំងខេត្តតាកែវផងដែរ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលតែងតែបន្តស្រឡាញ់ ជឿទុកចិត្ត និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយទទួលបានជ័យជំនះគ្រប់អាណត្តិនាពេលកន្លងមក។
ឯកឧត្ដម បានជម្រាបជូនប្រជាពលរដ្ឋអំពីគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ ក្រសួអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌”។
ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដែលមានគោដៅរួមគឺ លើកកម្រិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងរស់នៅក្នុងភាពសុខដុមរម្យនា។
ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖
១-ត្រូវថែរក្សាសុខសន្តិភាពជាចម្បង បើមានសន្តិភាព យើងមានឱកាសអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ដូចបច្ចុប្បន្ន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងត្រូវបានបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី។
២-ជួយថែរក្សាសមិទ្ធផលនានាដែលមានស្រាប់របស់រាជរដ្ឋាភិបាលចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពជាប្រចាំ។
៣-សូមជួយគាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល។
៤-ត្រូវឧស្សាហ៍ព្យាយាម កែប្រែឥរិយាបថនិងទម្លាប់ អនាម័យល្អ ដោយប្រកាន់ខ្ជាប់នូវអនាម័យស្អាតជាប្រចាំ តាមរយៈការបរិភោគទឹក និងបន្ទោបង់ក្នុងបង្គន់អនាម័យ។
៥-ត្រូវបន្តរក្សាសាមគ្គីភាព ចេះជួយគ្នា និងសហការចូលរួមធ្វើជាម្ចាស់ក្នុងការថែរក្សាសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង្ស។
ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋសុំឱ្យជួយសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ២,២០០ម៉ែត្រ នៅឃុំត្រឡាច ឯកឧត្ដមរដ្ឋមន្រ្ដី បានទទួលយកសំណើនេះ។
តមកគណៈអធិបតី បានជូនវត្ថុអនុស្សាវរីយ៍ និងប្រគេនបច្ច័យ និងថវិកាមួយចំនួនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋផងដែរ។
បន្ទាប់មក ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ប្ញទ្ធិសែន និងប្រតិភូអមដំណើរ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ចំនួន ២ខ្សែ ប្រវែងសរុប ២០,៧៧០គីឡូម៉ែត្រ នៅស្រុកកោះអណ្ដែត និងពិនិត្យស្ថានភាពផ្លូវខូចដោយសារជំនន់ទឹកភ្លៀងចំនួន ១ខ្សែ ប្រវែង ២២គីឡូម៉ែត្រ ដែលភ្ជាប់ចំនួន ៥ឃុំ នៅស្រុកកោះអណ្ដែត ខេត្តតាកែវផងដែរ ដើម្បីស្ដារឡើងវិញ ៕