ខេត្តកំពត ទទួលបានភ្ញៀវទេសចរមកសម្រាកកសម្សាន្តជិត ៤០ម៉ឺននាក់ ក្នុងថ្ងៃឆ្លងឆ្នាំសកល
ភ្នំពេញ៖ ប្រធានមន្ទីរទេសណ៍ខេត្តកំពត លោក សយ ស៊ីណុល បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍ឆ្លងឆ្នាំ២០២៣ ឈានចូល២០២៤ ភ្ញៀវទេសចរបាននាំគ្នាចេញដើរកម្សាន្តតាមបណ្តាខេត្តច្រើនជាងឆ្នាំមុនៗ ខណៈក្នុងខេត្តកំពតសម្រាប់តែថ្ងៃរាប់ថយក្រោយ (Count Down) ឆ្លងឆ្នាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកកម្សាន្តជិត ៤០ម៉ឺននាក់។
លោកប្រធានមន្ទីរទេសណ៍ខេត្តកំពត បន្ថែមថា ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ព្រមទាំងដឹកនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការរៀបចំតុបតែងកែលម្អសោភ័ណភាពក្រុង ពិសេសការអភិវឌ្ឍន៍តំបន់ឆ្នេរ និងកម្មវិធីកម្សាន្តសប្បាយច្រើនផងនោះ បានធ្វើឱ្យព្រឹត្តិការណ៍ឆ្លងឆ្នាំនៅខេត្តកំពតមានភាពអធឹកអធម គគ្រឹកគគ្រេង ពោពេញដោយភាពសប្បាយរីករាយក្រៃលែង។
លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃរាប់ថយក្រោយ (Count Down) ខេត្តកំពតមានភ្ញៀវទេសចរមកសម្រាកកម្សាន្តក្នុងខេត្តចំនួន ៣៨៦.៤៨៨នាក់ ក្នុងនោះភ្ញៀវទេសចរដែលទៅកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត និងសហគមន៍ទេសចរណ៍នានា មានចំនួនសរុប ៥៦.៤៨៨នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២.៤៨៨នាក់។
ទន្ទឹមនឹងនោះដែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលមកចូលរួមកម្សាន្តសប្បាយក្នុងក្រុង និងតាមរមណីយដ្ឋាននានារង់ចាំរាប់ថយក្រោយ និងទស្សនាកាំជ្រួចមានចំនួន ៣៣០.០០០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ១.៥០០នាក់ ៕