អ្នកនាំពាក្យ៖ យប់ឆ្លងឆ្នាំមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩ករណី បណ្តាលឱ្យស្លាប់៦នាក់ និងរបួសធ្ងន់-ស្រាល៥នាក់
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៩ករណី បណ្តាលឱ្យជនរងគ្រោះស្លាប់ចំនួន៦នាក់ របួសធ្ងន់ ចំនួន៣នាក់, របួសស្រាល ចំនួន២នាក់។
អ្នកនាំពាក្យបន្តថា ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺនៅខណ្ឌទួលគោក ១ករណី មានរថយន្តបុកម៉ូតូ១គ្រឿងបណ្តាលឱ្យ ស្លាប់១នាក់ និងរបួសធ្ងន់១នាក់ បន្ទាប់មកជនបង្កបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុ។ ប៉ុន្តែគាត់បានបើករថយន្តចូលខ្លួនសារភាពដោះស្រាយ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់។ ដោយឡែកសម្រាប់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងទៀត បានរត់គេចខ្លួនពីកន្លែងកើតហេតុ សូមចូលខ្លួនមកសារភាពដូចករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខណ្ឌទួលគោកដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបានបញ្ជាក់ឲ្យដឹងទៀតថា រាល់ករណីគ្រោះថ្នាក់ចរាចរណ៍បើករត់គេចនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់នៅកន្លែងកើតហេតុរួមទាំងវត្ថុតាង និងបានបង្កើតក្រុមការងារតាមដានស្រាវជ្រាវស្វែងរកចាប់ខ្លួនរាល់ជនបង្កពោលគឺមិនអាចគេចខ្លួនពីសំណាញ់ច្បាប់បាននោះទេ។ ជាពិសេសក្នុងករណីបើកបង្កគ្រោះថ្នាក់ហើយគេចខ្លួនមិនទទួលខុសត្រូវជាបទល្មើសផ្សេងមួយទៀតផងដែរ៕