ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឱ្យពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងក៏បានណែនាំឱ្យមានការពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព មាន០៧ចំណុច ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកសុខសុវត្ថិភាពក្នុងមូលដ្ឋានប្រកបដោយភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ ក៏បានណែនាំឱ្យមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ត្រូវធ្វើអំពើល្អ និងការផ្តល់សេវាសន្តិសុខ និងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស។ ត្រូវពង្រឹងកិច្ចការជំនាញឲ្យមានគុណភាព បម្រើលើការអនុវត្តភារកិច្ចជំនាញឲ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ ក៏បានណែនាំឲ្យមន្រ្តីអនុវត្តច្បាប់ត្រូវគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ និងគោរពវិន័យនគរបាលជាតិ និងវិជ្ជាជីវៈជំនាញ។ ពង្រឹងកត្តាសាមគ្គឺផ្ទៃក្នុងឱ្យបានល្អ មិនត្រូវទម្លាយព័ត៌មានផ្ទៃក្នុងអង្គភាពទៅខាងក្រៅនោះទេ។
ពិធីសំណេះសំណាលដែរ មានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌជ្រោយចង្វារ លោក-លោកស្រីអធិការរង លោកនាយផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥ ចំណុះអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ៕