ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំសកម្មភាព ក្រុមការងារចុះគាំទ្រសាលារៀនគំរូ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំសកម្មភាពក្រុមការងារចុះគាំទ្រសាលារៀនគំរូ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះ បានផ្ដោតពិភាក្សាសំខាន់លើការពិនិត្យមើលវឌ្ឍនភាពការងារនៃការអនុវត្តស្តង់ដាសាលាគំរូ ទាំង ៣ អនុវិស័យ (មតេ្តយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា) ដែលត្រូវបានអនុម័តប្រើប្រាស់ជាផ្លូវការ ការរៀបចំគណៈកម្មការដឹកនាំ គ្រប់គ្រង និងគណៈកម្មការបច្ចេកទេស វាយតម្លៃសាលាគំរូ ការរៀបចំយន្តការគាំទ្រ រួមមាន៖ ក្រុមការងារពិនិត្យតាមដានផលសម្រេច ក្រុមការងារគាំទ្រផ្នែកបច្ចេកទេស ក្រុមការងារគាំទ្រផ្នែកអាយស៊ីធី (ICT) ក្រុមការងារសម្របសម្រួលអនុវិស័យកុមារតូច ក្រុមការងារសម្របសម្រួលអនុវិស័យបឋមសិក្សា និងក្រុមការងារសម្របសម្រួលអនុវិស័យមធ្យមសិក្សា។
ឆ្លើយតបនឹងកិច្ចពិភាក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យគ្រប់នាយកដ្ឋាន រៀបចំផែនការសកម្មភាពឱ្យច្បាស់លាស់ ពិភាក្សាលម្អិតថា ត្រូវគាំទ្រតាមសាលារៀនគោលដៅដោយរបៀបណា កំណត់វិធានការ និងយន្តការឱ្យបន្ស៉ីគ្នា ដើម្បីបញ្ចៀសការធ្វើសកម្មភាព ឬសិក្ខាសាលាបណ្ដុះបណ្ដាលជាន់គ្នា នាយកដ្ឋានធានាគុណភាពអប់រំត្រូវពិនិត្យ សវនកម្ម និង រៀបចំសេចក្ដីណែនាំ តេស្តស្តង់ដាតាមសាលា ដោយចាប់ផ្ដើមពីការធ្វើតេស្តប្រចាំខែ និងប្រឡងឆមាស និងផ្នែកហិរញ្ញវត្ថុ ត្រូវជួបតាមនាយកដ្ឋាន ដើម្បីពិនិត្យឡើងវិញ ពីគម្រោងចំណាយឱ្យមានប្រសិទ្ធភាពខ្ពស់។