ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអ្នកវិនិយោគចិន ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យអ្នកវិនិយោគចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ ជាពិសេសអង្ករប្រណិត ស្វាយចន្ទី កៅស៊ូ ផលិតផលជលផលទឹកសាប និងវារីវប្បកម្ម ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត ដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី រាល់ការវិនិយោគត្រូវមានការសិក្សា មានផែនការវិនិយោគច្បាស់លាស់ និងទីផ្សារពិតប្រាកដ ដើម្បីធានាឱ្យការវិនិយោគស្របតាមគោលនយោបាយជាតិ ទទួលបានការគាំទ្រ ផ្តល់ផលចំណេញ និងមាននិរន្តរភាពសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីយន្តការគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលផ្ដោតលើការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ៕