ឯកឧត្តម ចាន់ ស៊ីណាត ចុះត្រួតពិនិត្យលើភូមិសាស្រ្តដែលមានសក្តានុពលក្នុងការអភិវឌ្ឍអាងទឹក ក្នុងភូមិសាស្ត្រខេត្តកោះកុង
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយ ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង និងសហការី នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យលើភូមិសាស្រ្តដែលមានសក្តានុពលក្នុងការអភិវឌ្ឍអាងទឹក ក្នុងភូមិសាស្ត្រខេត្តកោះកុង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ រួមជាមួយសហការី បានចុះពិនិត្យជាក់ស្តែង ជ្រលង និងជ្រោះខាងត្បូងភ្នំក្រវាញ តំបន់ស្ទឹងតាតៃ ស្ទឹងកោះកុង ស្ទឹងត្រពាំងរូង និងស្ទឹងបទុមសាគរ ក្នុងខេត្តកោះកុង។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ការចុះពិនិត្យជាក់ស្តែងនាពេលនេះ គឺដើម្បីឈានទៅធ្វើការរៀបចំគ្រោងប្លង់លម្អិតអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមក្នុងខេត្តភាគនិរតីដែលហ៊ុមព័ទ្ធដោយសមុទ្រ ស្របតាមបេសកកម្ម និងចក្ខុវិស័យរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ អសន្តិសុខទឹក និងការឡើងកម្តៅនៃភពផែនដី។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តការងារស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការសាងសង់អាងទឹកធំមួយនៅលើដៃព្រែកតាប៉ោ ដែលជាមូលដ្ឋានស្តុកទឹកដ៏សំខាន់បំផុតក្នុងភូមិសាស្រ្តស្រុកកោះកុង ខេត្តកោះកុង ដែលធានាដល់ការបញ្ជាទឹក គ្រប់គ្រងទឹកនិងប្រើប្រាស់ទឹកតាមតំបន់ព្រំដែនក្នុងទិសនិរតីឱ្យមានសុវត្ថិភាព និងនិរន្តរភាពទឹកលើគ្រប់វិស័យប្រកបដោយឧត្តមភាព ៕