សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចទទួលស្គាល់ លោក បូរ ភ័កត្រា ចាងហ្វាងទូរទស្សន៍អនឡាញរំដួលធីវី និងក្រុមការងារ ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ដើម្បីបង្កើនប្រសិទ្ធភាពការងារមនុស្សធម៌ឱ្យកាន់តែទូលំទូលាយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចទទួលស្គាល់ លោក បូរ ភ័កត្រា ចាងហ្វាងការផ្សាយទូរទស្សន៍អនឡាញរំដួលធីវី (Rumduol TV) និងក្រុមការងារ ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាកបានភ្លាមៗដល់អ្នកងាយរងគ្រោះបំផុតនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។
ក្នុងជំនួបនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរចំពោះក្រុមការងារ Rumduol TV ដែលបានជួយដល់ការងារសង្គមជាច្រើន ដូចជាការជួយដល់ចាស់ឥតទីពឹង ស្ត្រីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនមានពិការភាព ក៏ដូចជាការជួយផ្សព្វផ្សាយលើកកម្ពស់ការថែទាំសុខភាព ការរក្សាអនាម័យ បរិស្ថាន កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។
ជាមួយគ្នានេះ លោកជំទាវ បានជម្រាបជូនពីប្រវត្តិ និងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបាននិងកំពុងធ្វើ ដោយអនុវត្តទៅតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងគោលការណ៍គ្រឹះទាំង៧របស់ចលនា គឺ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
លោកជំទាវ មានក្តីសង្ឃឹមជឿជាក់ថា តាមរយៈក្រុមការងារ Rumduol TV នឹងអាចជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់។
ជាកិច្ចឆ្លើយតប លោក បូរ ភ័កត្រា បានថ្លែងគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសបានធ្វើជាអ្នកស្ម័គ្រចិត្តចល័តរបស់កាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុមនុស្សធម៌។ លោក បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីលទ្ធភាព និងមានភាពច្បាស់លាស់ក្នុងការបំពេញការងារ ទៅតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា និងអនុវត្តដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
សូមបញ្ជាក់ថា ជាជំហានទី១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាចំនួន ២០លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ចំនួន ៣០ឈុត សម្រាប់ផ្តល់ជូនគ្រួសារងាយរងគ្រោះបំផុតចំនួន ៣០គ្រួសារ ដោយក្នុងគ្រួសារនីមួយៗនឹងទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី ឬទឹកស៊ីអ៊ីវ ៦ដប, និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែក ចំពោះថវិកា ក្រុមការងារអាចផ្តល់ជូនមួយចំនួនដល់គ្រួសារណាដែលលំបាកបំផុតបានភ្លាមៗ៕